(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ បានលើកឡើងថា ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដល់សមត្ថកិច្ច តែមិនមែនជាអាជ្ញាធមានសមត្ថកិច្ចនោះទេ ដូច្នេះមិនត្រូវធ្វើអ្វីឲ្យលើលពីព្រំដែននៃតួនាទីរបស់ខ្លួនឡើយ ហើយដាច់ខាតត្រូវតែសម្រួល និងសហការជាមួយសមត្ថកិច្ចគ្រប់កាលៈទេសៈទាំងអស់។
បើតាមអគ្គស្នងការរងរូបនេះ ការរារាំង ឬការបង្កជាឧបសគ្គណាមួយ ដល់ការអនុវត្តច្បាប់របស់សមត្ថកិច្ច អាចជាបទល្មើសផ្សេងមួយទៀត ដែលមានបញ្ញតិ្ដឲ្យផ្ដន្ទាទោសតាមក្រមព្រហ្មទណ្ឌ ព្រោះថាតួនាទី ភារកិច្ច និងដែនសមត្ថកិច្ចរបស់ភ្នាក់ងារសន្ដិសុខឯកជន ត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់ជាដាច់ខាត។
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៤ ដែលមានសិក្ខាកាមជិត២០០នាក់ ចូលរួមសិក្សារៀនសូត្រ។
បន្ថែមពីនេះ អគ្គស្នងការរង ឌី វិជ្ជា ក៏បានឯកភាពចំពោះការលើកឡើងថា ភ្នាក់ងារសន្ដិសុខឯកជន ទទួលបៀវត្សពីក្រុមហ៊ុនឯកជនក៏ពិតមែន តែពួកគេត្រូវមានកាតព្វកិច្ចជាពលរដ្ឋល្អ ដែលមានតួនាទីមិនត្រូវតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាស គ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចជួយការពារទ្រព្យសម្បត្តិសាធារណៈ សណ្ដាប់ធ្នាប់ សន្ដិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ។
លោកឧត្តមសេនីយ៍ ឌី វិជ្ជា បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលបានរៀនសូត្ររយៈពេល២ថ្ងៃនេះ ទៅអនុវត្តការងារ ដើម្បីបុព្វហេតុជាតិជាធំ ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិក្នុងផ្លូវវិជ្ជមាន ស្របតាមក្រមសីលធម៌ វិជ្ជាជីវៈរបស់សន្ដិសុខឯកជន និងអនុលោមទៅតាមច្បាប់របស់កម្ពុជា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ក៏បានធ្វើសេចក្ដីរាយការណ៍ថា វគ្គបំប៉ននេះប្រព្រឹត្ដិទៅ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ដែលមានសិក្ខាកាមជិត២០០នាក់ចូលរួម ក្នុងនោះមកពីក្រុមហ៊ុនសន្ដិសុខឯកជនសេវាកម្ម ចំនួន៥៩ក្រុមហ៊ុន និងសហគ្រាសគ្រឹះស្ថាន ចំនួន០៨។
លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក៏បានអំពាវនាវបណ្ដាក្រុមហ៊ុនសន្ដិសុខឯកជនផ្ដល់សេវាកម្ម និងសហគ្រាស គ្រឹះស្ថាន ធ្វើការចាត់បញ្ជូនភ្នាក់ងារសន្ដិសុខឯកជនរបស់ខ្លួន មកទទួលការបណ្ដុះបណ្ដាលនេះ តាមការស្នើសុំរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន៕