(រតនគិរី)៖ លោក ថង សាវុន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានជំរុញសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្រុងបានលុង ទាំងអស់ត្រូវត្រៀមឯកសារ និងទៅបោះឆ្នោតទាំងអស់គ្នា និងកៀគរប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យចេញទៅបោះឆ្នោតឲ្យបានគ្រប់ៗ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ការថ្លែងបែបនេះ របស់លោក ថង សាវុន ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្រុងបានលុង នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ។
បើតាមលោក ថង សាវុន ការទៅបោះឆ្នោតគឺ ដើម្បីបុព្វហេតុស្ថិរភាពសង្គមជាតិ បំពេញកាតព្វកិច្ចជាពលរដ្ឋ និងដើម្បីជ្រើសរើសគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលកន្លងមកបានរួមរស់ជាមួយបងប្អូន និងនាំមកនូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។
បន្ថែមលើនេះលោក បានណែនាំឲ្យមន្ត្រីបក្សត្រូវពង្រឹងលើការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដោះស្រាយបញ្ហានានា ដែលកើតមាននៅមូលដ្ឋានឲ្យបានទាន់ពេលវេលា តាមលទ្ធភាពដែលអាចធ្វើបាន ត្រូវបន្តពង្រឹងលើការងារធ្វើប័ណ្ណសមាជិកបក្ស និងសៀវភៅគ្រួសារបក្សបន្ថែមទៀត ជូនដល់សមាជិកបក្ស៕