(ភ្នំពេញ)៖ សេចក្ដីព្រាងច្បាប់ចំនួន៤ ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងនៅក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

វត្ដមានតំណាងរាស្ដ្រ ពេលផ្ដើមសម័យប្រជុំមានចំនួន ១១១រូប។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋសភា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា សេចក្ដីព្រាងច្បាប់ទាំង៤ ដែលត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងរួមមាន​៖

១៖ ការពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្ដទៅ នៃគណៈរដ្ឋមន្ដ្រី មានចំនួន៩ជំពូក ចែកចេញជា៥៩មាត្រា ត្រូវបានរដ្ឋសភាអនុម័តដោយសំឡេង មានចំនួន១១១។

២៖ ការពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពី សញ្ជាតិ មានចំនួន១០ជំពូក ចែកចេញជា៣៨មាត្រា ត្រូវបានរដ្ឋសភាអនុម័តដោយសំឡេង មានចំនួន១១២។

៣៖ ការពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្ដីពី ការបង្កើតអង្គការសហប្រតិបត្ដិការព្រៃឈើអាស៊ី ចែកចេញជា៣មាត្រា ត្រូវបានរដ្ឋសភាអនុម័តដោយសំឡេង មានចំនួន១១២។

៤៖ ការពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្ដីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ចែកចេញជា២មាត្រា ត្រូវបានរដ្ឋសភាអនុម័តដោយសំឡេង មានចំនួន១១២៕