(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម ដើម្បីលើកកម្ពស់ដល់ជីវភាព និងការគាំពារសុខភាពរបស់កម្មករ ដើម្បីកំណត់អំពីបែបបទ យន្តការអនុវត្ត និងប្រព័ន្ធគ្រប់គ្រងរបបសន្តិសុខសង្គម ប្រកបដោយគណនេយ្យភាព និងនិរន្តរភាព។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ដែលមានការចូលរួមពីលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងអ្នកចូលរួមជាង២០០នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២។
លោក អ៉ិត សំហេង បានលើកឡើងថា ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីផ្តល់នូវរបបសន្តិសុខសង្គម រួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនីកម្មភាពការងារ ក្នុងនោះផ្នែកនីកម្មភាពការងារ គឺជាសមិទ្ធផលដ៏ថ្មីសន្លាងមួយ ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។
លោកបានបន្តថា សេចក្តីព្រាងច្បាប់នេះ ពិតជាឧបករណ៍គតិយុត្តដ៏សំខាន់មិនអាចខ្វះបាន ក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងបានជំរុញថ្នាក់ដឹកនាំ នៃ ប.ស.ស ត្រូវខិតខំអនុវត្តឱ្យបានល្អប្រសើរថែមទៀត លើសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ក៏ដូចជាព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុទ្ធនានាពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តច្បាប់ថ្មីនេះប្រកបដោយប្រសិទ្ធភាព និងតម្លាភាពបំផុត។
ជាមួយគ្នានេះដែរលោក អ៊ុក សមវិទ្យា ក៏បានលើកឡើងដែរថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងន័យបំពេញបន្ថែមចំណុចណាមួយ នៃសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ឱ្យស្របទៅតាមស្ថានភាពសង្គម និងសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍ឆ្ពោះទៅមុខយ៉ាងស្វាហាប់ ប្រកបដោយថាមភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លើសពីនេះទៀតនោះលោក ក៏បានបញ្ជាក់អំពីគោលបំណងលម្អិតនូវខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ដើម្បីកំណត់អំពីបែបបទ យន្តការអនុវត្ត និងប្រព័ន្ធគ្រប់គ្រងរបបសន្តិសុខសង្គម ប្រកបដោយគណនេយ្យភាព និងនិរន្តរភាព ហើយច្បាប់នេះដែរ មានវិសាលភាពអនុវត្តចំពោះបុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍ផងដែរ៕