(ភ្នំពេញ)៖ លោក សាម អ៉ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានចាត់ទុកយុទ្ធនាការរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត «ដេកផ្ទះឈ្នះឯង» របស់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ជាទស្សនៈមេដឹកនាំអន់ថយ និងត្រៀមខ្លួនចាញ់តែប៉ុណ្ណោះ។

ការថ្លែងរបស់អគ្គលេខាធិការបក្សរូបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីទណ្ឌិត សម រង្ស៊ី ដែលកំពុងគេចខ្លួនទៅសម្ងំនៅក្រៅប្រទេស និងបក្ខពួករបស់ខ្លួន បានបំផុសបំផុល ក៏ដូចជាអំពាវនាវប្រជាពលរដ្ឋខ្មែរកុំឲ្យទៅបោះឆ្នោត។ ក្រុមនេះអះអាងថា ការមិនទៅបោះឆ្នោត គឺគាំទ្រគណបក្សសង្រ្គោះជាតិ ឯការទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បក្សកំពុងកាន់អំណាច។

លោក សាម អ៉ីន បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់លោក ដោយភ្ជាប់នឹងរូបភាពមួយសន្លឹក ដែលបានថតនៅលើទឹកដីនៃប្រាសាទបាយ័ន្ត ជាមួយនឹងខ្លឹមសារថា «ដេកផ្ទះឈ្នះឯង ជាទស្សនៈអ្នកដឹកនាំអន់ថយ និងត្រៀមខ្លួនចុះចាញ់»

លោក សាម អ៉ីន បានបន្តថា «ប្រាសាទបាយ័ន្តដ៏មហិមា មិនកកើតដោយសារអ្នកដឹកនាំ និងពលរដ្ឋខ្មែរនាំគ្នាដេកចាំនៅផ្ទះទេ។ វាកើតឡើងដោយសារអ្នកដឹកនាំ និងពលរដ្ឋនាំគ្នាប្រយុទ្ធដោយអត់ធ្មត់ និងស្វិតស្វាញ»

សូមជម្រាបថា ថ្មីៗនេះមានអតីតសកម្មជនគណបក្សសង្រ្គោះជាតិមួយចំនួន បានចាប់ផ្តើមបំផុសជាបន្តបន្ទាប់ នៅលើបណ្តាញសង្គមថា ពួកគេនឹងមិនចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះនោះទេ បើសិនជាគ្មានគណបក្សសង្រ្គោះជាតិ ដែលតុលាការកំពូលកាត់ទោសរំលាយកាលពីខែវិច្ឆិកា ឆ្នាំមុន៕