(ភ្នំពេញ)៖ អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) បានកោតសរសើរកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការរៀបចំពិធីពិសាអាហារស្រាយបួសរ៉ាម៉ាឌន របស់សាសនិកឥស្លាមកម្ពុជា។
យោងគេហទំព័រផ្លូវការ នៃប្រទេសអារ៉ាប៊ី សាអ៊ូទី Sabq, អគ្គលេខាធិកា (OIC) លោកបណ្ឌិត យូសូហ្វ អាល់អូសៃមីន បានបញ្ជាក់ថា ពិធីស្រាយបួសនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ជានិមិត្តរូបនៃការគោរពរបស់ប្រទេសកម្ពុជា ចំពោះភាពសម្បូរបែប នៃវប្បធម៌ទូទៅ និងការអត់ឱន និងការឲ្យតំលៃខ្ពស់ពីរដ្ឋាភិបាលសម្រាប់សហគមន៍មុស្លីមកម្ពុជា។
អគ្គលេខាធិកា OIC បន្តទៀតថា សមាហរណកម្ម និងការរួមរស់ដោយសន្តិភាព ជាគំរូដ៏ល្អមួយសម្រាប់បណ្តាប្រទេសដទៃទៀត នៅក្នុងតំបន់។ លោកបានសង្កត់ធ្ងន់ថា «រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ ក្នុងការពង្រឹងនូវការអត់ឱនចំពោះផ្នែកសាសនា នេះបង្ហាញយ៉ាងច្បាស់នូវភាពវិជ្ជមាន និងជាកត្តាមួយក្នុងចំណោមកត្តាផ្សេងៗ ដែលបញ្ជាក់ថា កម្ពុជាជាប្រទេសមានលក្ខណៈពិសេស ក្នុងចំណោមប្រទេសផ្សេងៗ»។
ក្នុងន័យនេះ លោកគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានយកចិត្តទុកដាក់បំផុត ចំពោះការរួមរស់ដោយសន្តិភាព និងភាពសុខដុមរមនា នៃអន្តរជំនឿ ហើយលោកបានស្នើឲ្យសហគមន៍ឥស្លាម ចូលរួមចំណែកបន្ថែមទៀត ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។
ជាមួយគ្នានេះ គណៈកម្មការកណ្តាលឥស្លាមប្រទេសថៃ លោក សូរិន ប៉ាឡារ៉េ ជាអគ្គលេខាធិការ ក្នុងនាមគណៈកម្មការកណ្តាលឥស្លាមថៃ និងជួសមុខឲ្យខុទ្ទការល័យសៃខុលឥស្លាម ព្រមទាំងវិទ្យាស្ថានស្តង់ដារហាឡាលប្រទេសថៃ បានផ្ញើលិខិតថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ការពិធីពិសារអាហរស្រាយបួសរបស់សាសនិកឥស្លាមកម្ពុជានេះដែរ៕