(ភ្នំពេញ)៖ យោងតាមសេចក្ដីណែនាំថ្មី របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង លេខ០០៤ ស.អបស ស្ដីពីការដាក់ឲ្យអនុវត្តសារព្រមានសុខភាពគំរូថ្មី ដែលមានរូបភាពអាក្រក់ និងគួរឲ្យខ្លាចញញើតជាងមុនរបស់ក្រសួងសុខាភិបាល ដែលនឹងចាប់អនុវត្តពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមហ៊ុនថ្នាំជក់ ដែលមានអនុលោមភាព បានបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលការអនុវត្តសារព្រមានសុខភាពជារូបភាព និងអក្សរគំរូចាស់ នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយនោះ។
ពាក់ព័ន្ធនឹងក្ដីព្រួយបារម្ភនេះ អគ្គនាយកក្រុមហ៊ុនថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុជា លោក ដានីញែល ហ្សូ ឲ្យដឹងថា «ក្នុងនាមជាក្រុមហ៊ុន ដែលមានអនុលោមភាពខ្ពស់ ខ្ញុំបាទសូមគាំទ្រនូវគោលនយោបាយរបស់ក្រសួងសុខាភិបាល ក្នុងការបង្ហាញ ពីហានីភ័យកើតចេញពីការជក់បារី តាមរយៈសារព្រមានសុភាព ហើយវាជាគោលការណ៍ចម្បងរបស់ក្រុមហ៊ុនយើងខ្ញុំដែរ ប៉ុន្តែស្របពេលដែលការអនុវត្តសារព្រមានសុខភាពជារូបភាព និងអក្សរខ្មែរគំរូចាស់ នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយបែបនេះ ការអនុវត្តតាមខ្លឹមសារសេចក្ដីណែនាំថ្មី ដែលតម្រូវឲ្យបោះពុម្ពសារព្រមានសុខភាពជារូបភាព និងអក្សរគំរូថ្មី នាពេលឆាប់ៗខាងមុខនេះ ច្បាស់ណាស់ វានឹងធ្វើឲ្យបញ្ហានៃការប្រកួតប្រជែង មិនស្មើភាពគ្នាកាន់តែអាក្រក់ឡើងៗ ហើយក្រុមហ៊ុនគោរពច្បាប់ដូចជាយើងខ្ញុំ នឹងរងគ្រោះទ្វេរដង ដោយត្រូវបន្ថែមនូវថ្លៃផលិត និងថ្លៃដឹកជញ្ជូនផ្សេងៗ ដោយសារតែការគោរពច្បាប់តែឯង ខណៈដែលក្រុមហ៊ុនខិលខូច គ្មានអនុលោមទាំងឡាយ ចំណេញទ្វេរដងផ្ទុយអំពីយើង ពោលគឺទាំងថ្លៃដើមផលិត ចំណាយផ្សេងៗ» ។
គួររម្លឹកថា កន្លងទៅថ្មីៗនេះ គឺមានការចុះបង្ក្រាបទៅលើរោងចក្រផលិតផ្ទាល់ របស់ក្រុមហ៊ុនបារីក្នុងស្រុកមួយចំនួន ដោយក្រសួងសុខាភិបាល និងនគរបាលជាតិ ទៅលើផលិតផលខុសច្បាប់របស់ពួកគេ ប៉ុន្តែជាក់ស្ដែង យើងនៅតែសង្កេតឃើញថា បារីខុសច្បាប់ ដែលមានត្រឹមតែសារព្រមានជាអក្សរទំហំ៣០% លើកញ្ចប់នោះ គឺនៅតែបន្ដលក់ពាសពេញផ្ទៃប្រទេសដដែល ដែលជាទូទៅ គឺសុទ្ធតែជាផលិតផលបារីផលិតនៅក្នុងស្រុក ខណៈដែលបារីនាំចូលភាគច្រើនគឺសុទ្ធតែមានអនុលោមភាពអស់ហើយ។
ជាសេចក្ដីស្នើសុំ ក្នុងនាមជាក្រុមហ៊ុនគោរពច្បាប់ គឺសំណូមពរយ៉ាងទទូចចំពោះរាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល និងគណៈកម្មាការត្រួតពិនិត្យផលិតផលថ្នាំជក់ មេត្តាអនុវត្តបញ្ញត្តិសារព្រមានសុខភាពគំរូចាស់នេះ ឲ្យមានអនុលោមភាព និងប្រសិទ្ធភាពនៅទូទាំងទីផ្សារទាំងអស់សិន មុននឹងតម្រូវឲ្យបោះពុម្ពនូវសារព្រមានសុខភាពជារូបភាព និងអក្សរប្រភេទថ្មីនេះ ៕