(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង សមាជិកកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបធ្វើការសំណេះសំណាល និងនាំយកអំណោយ ជូនដល់គ្រួសារក្រីក្រចំនួន១០០គ្រួសារ នៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានលើកឡើងថា នេះគឺជាវប្បធម៌ នៃការចែករំលែកដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់តម្លៃស្ត្រី ដោយបានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធការងារ និងអត្ថប្រយោជន៍របស់ស្ត្រី នៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារពីសំណាក់ស្ត្រី ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
លោកស្រីក៏បាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អំពីសុខទុក្ខលំបាករបស់បងប្អូននារីនៅតាមមូលដ្ឋាន។ ម៉្យាងទៀតស្ត្រី គឺជាឆ្អឹងខ្នង នៃកិច្ចអភិវឌ្ឍន៍សង្គមជាតិនីមួយៗ ដែលជាមាតាពិភពលោក។
លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ ស្ត្រីគ្រប់រូប គឺមានតួនាទីដ៏សំខាន់ក្នុងការកៀងគរប្រមូលសមាជិករបស់ខ្លួន ឲ្យបានទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ឲ្យបានគ្រប់ៗគ្នា។ ជាពិសេសស្ត្រី ត្រូវធ្វើការផ្សព្វផ្សាយពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងត្រូវក្តាប់ឲ្យបាននូវសតិអារម្មណ៍របស់នារីក្នុងមូលដ្ឋានខ្លួន ព្រមទាំងត្រូវធ្វើការណែនាំ ឲ្យពួកគេយល់ដឹងអំពីកាតព្វកិច្ចជាប្រជាពលរដ្ឋមួយរូប ក្នុងការជ្រើសរើសតំណាងដឹកនាំរបស់ខ្លួន ដើម្បីទទួលនូវការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនផងដែរ។
បន្ថែមពីនេះ លោកស្រីក៏បានធ្វើការក្រើនរំលឹកដល់បងប្អូន លោកអ៊ុ លោកពូ អ្នកមីង យាយតា សូមកុំឲ្យស្តាប់នូវការញុះញង់របស់ក្រុមអកតិមួយចំនួន ដែលមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញមកពីបងប្អូនប្រជាជនគ្រប់រូប បោះឆ្នោតគាំទ្រ ហើយជនដែលមានបំណងទាំងនេះ គឺសុទ្ធជាជនដែលក្បត់នូវឧត្តមគតិរបស់ខ្លួន។
ក្នុងនោះដែរប្រជាពលរដ្ឋក្រីក្រទាំង១០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ស្កសរ១គីឡូក្រាម, មីចេង១កញ្ចប់, ថ្នាំដុសធ្មេញ១ទីប, ច្រាស១ដើម, សាប៊ូក្រអូប១ដុំ និងថវិកា៥ម៉ឺនរៀលផងដែរ៕