(បាត់ដំបង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជារឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិនិត្យឲ្យបានម៉ត់ចត់ និងដកហូត «ភ្នំតាទុង» ដែលស្ថិតនៅក្នុងខេត្តកំពត ពីក្រុមហ៊ុនឯកជនមួយ ទៅឲ្យក្រុមហ៊ុនផ្សេងទៀត វិនិយោគជំនួសវិញ ប្រសិនបើក្រុមហ៊ុនឯកជនមួយនោះ យកភ្នំនេះទៅទុកចោល ដោយមិនបានប្រើប្រាស់ឲ្យអស់សក្ដានុពល។
ការបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ មានទីតាំងនៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំបានប្រាប់ទៅឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល កាលពីប៉ុន្មានថ្ងៃមុនថា មានភ្នំមួយស្ថិតនៅក្នុងខេត្តកំពត មិនទាន់បានប្រើប្រាស់អស់សក្ដានុពលទេ ដែលភ្នំនោះមានឈ្មោះថា ភ្នំតាទុង ដែលត្រូវបានក្រុមហ៊ុនមួយ យកទៅរក្សាទុក ឯកឧត្តម ស៊ុយ សែន ត្រូវតែពិភាក្សាជាមួយក្រុមហ៊ុននោះ បើក្រុមហ៊ុនគ្មានសមត្ថភាពធ្វើទេ មិនអាចយកភ្នំរបស់រដ្ឋទៅទុកចោលនោះឡើយ ត្រូវប្រគល់ឲ្យក្រុមហ៊ុនផ្សេងទៀត ផលិតស៊ីម៉ងតិ៍ប្រើប្រាស់»។
សម្ដេចតេជោបន្ថែមទៀតថា «យើងមិនមែនផលិតស៊ីម៉ងតិ៍ ដើម្បីប្រើប្រាស់តែក្នុងស្រុកនោះឡើយ តែយើងចង់មានសមត្ថភាព នាំចេញទៅប្រទេសក្រៅព្រោះថា ប្រទេសមួយចំនួនក៏នាំចូលស៊ីម៉ងតិ៍ ដូចគ្នានឹងយើងកាលពីអតីតកាល ដែលនាំចូលស៊ីម៉ងតិ៍ពីក្រៅប្រទេស ហើយឥឡូវយើងក៏មានលទ្ធភាព នាំចេញស៊ីម៉ងតិ៍របស់យើង ប្រសិនបើលើសតម្រូវការចាំបាច់របស់ខ្លួន»។
សូមជម្រាបថា មកដល់ពេលនេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ចំនួន៤ហើយ ដោយដែលមានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បាន៧លានតផនក្នុង១ឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឲ្យមានការវិនិយោគ លើរោងចក្រផលិតស៊ីម៉ង់ឲ្យកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ៕