(ភ្នំពេញ)៖ ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេ នៅកម្ពុជា និង Global Climate Partnership Fund (GCPF) នាពេលថ្មីៗនេះ បានរៀបចំសិក្ខាសាលាស្តីអំពី «ការផ្តល់ ឥណទានបៃតង និងកំណើនឥណទានបៃតង នៅកម្ពុជា» ដើម្បីបង្កើតវេទិកាសម្រាប់ការពិភាក្សា ជាមួយពហុភាគីពាក់ព័ន្ធ ការធ្វើបទបង្ហាញ និងការរៀនសូត្រ អំពីការផ្តល់ឥណទាន បៃតងនៅកម្ពុជា។
ព្រឹត្តិការណ៍នេះ ត្រូវបានអញ្ជើញចូលរួម ក្រោមអធិបតីដោយអ្នកតំណាងនៃក្រសួងបរិស្ថាន និងមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុ ភ្នាក់ងារហិរញ្ញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍អន្ដរជាតិ អ្នកផ្តល់សេវាបច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល សមាគមអាជីវកម្ម និងសហគ្រាសខ្នាតតូចនិងមធ្យម (SMEs)។
បម្រែបម្រួលអាកាសធាតុ គឺជាប្រធានបទសំខាន់មួយ នៅក្នុងពិភពលោក។ ប្រទេសកម្ពុជា ក៏ជាប្រទេសងាយរងគ្រោះមួយផងដែរ ពីការប្រែប្រួលអាកាសធាតុ និងហានិភ័យ នៃគ្រោះ មហន្តរាយ ដោយសារតែសមត្ថភាពបន្សាំមានកម្រិតទាប និងការពឹងផ្អែកយ៉ាងខ្លាំង ទៅលើធនធានទឹក និងវិស័យកសិកម្ម ដែលភាគច្រើនពឹងផ្អែកទៅលើដំណាំស្រូវ និងដំណាំផ្សេងៗ ទៀត។
ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការកសាងជាតិឲ្យវិវត្តទៅភាពរុងរឿង រួមជាមួយការរីកចម្រើនរយៈពេលវែង ការអភិវឌ្ឍប្រកបដោយចីរភាព ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ ដោយមានការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន។
ដោយមើលឃើញពីសារៈសំខាន់ នៃបរិស្ថាន និរន្តរភាពនៃធនធានធម្មជាតិ ដែលសមស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រាសាក់បាន និងកំពុងពង្រឹង សមត្ថភាពរបស់ខ្លួន ឆ្ពោះទៅរកការការពារបរិស្ថាន និងសង្គម តាមរយៈសកម្មភាពផ្តល់ប្រាក់កម្ចី និងការធ្វើប្រតិបត្តិការរបស់ខ្លួន។
ប្រាសាក់ បានចាប់ដៃគូ ជាមួយកម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាំងពីឆ្នាំ២០០៧ ដើម្បីផ្តល់កម្ចីជីវឧស្ម័ន ដល់កសិករនៅតាមជនបទ ក្នុងប្រទេស កម្ពុជា។ ហើយនៅឆ្នាំ២០១៦ ប្រាសាក់បានទទួលជំនួយបច្ចេកទេស និងប្រាក់កម្ចីពី GCPF ដើម្បីធ្វើឲ្យប្រសើរនូវផលិតផលឥណទានរបស់ខ្លួន ដែលស៊ីទៅនឹងផលិតផលនានា ដែលមានប្រសិទ្ធភាពថាមពល។
ប្រាសាក់ បានប្តេជ្ញាចិត្តមុតមាំក្នុងការផ្តល់និងអភិវឌ្ឍឥណទានបៃតងបន្ថែមទៀតដល់ប្រជាជននៅតាមជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង និងចូលរួមការការពារបរិស្ថានបន្ថែមទៀត។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ប្រាសាក់បានផ្តល់ប្រាក់កម្ចីសាងសង់ឡជីវឧស្ម័ន ចំនួន ៨,៤១១ ឡ ដែលមានសម្ពៀតឥណទានច្រើនជាង៥លានដុល្លារអាមេរិក។ ហើយបានផ្តល់ កម្ចីត្រាក់ទ័រនិងគោយន្ត ដល់អតិថិជនចំនួន ៥២៩នាក់ ដែលមានសម្ពៀតឥណទានច្រើនជាង៧លានដុល្លារអាមេរិក។ ជាលទ្ធផល ប្រាសាក់បានចូលរួម ក្នុងការកាត់បន្ថយការ បំភាយឧស្ម័នកាបោនចំនួន ១,៥០០ តោនក្នុងមួយឆ្នាំ ឬ ស្មើនឹង៤២៩,៧០០លីត្រ នៃប្រេងម៉ាស៊ូតក្នុងមួយឆ្នាំ។
The Global Climate Partnership Fund (GCPF) (responsAbility Investments AG) The Global Climate Partnership Fund (GCPF) គឺជាភាពជាដៃគូឯកជនសាធារណៈ ដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅក្នុងទីផ្សារកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍ។
វាផ្តោតលើការផ្តល់ហិរញ្ញប្បទាន ដល់ប្រសិទ្ធភាពថាមពល និងគម្រោងថាមពលកកើតឡើងវិញ ដោយផ្ទាល់ និងសហការជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ដោយបង្កើតផលវិជ្ជមាន សម្រាប់បរិស្ថាន និងសេដ្ឋកិច្ចក្នុងស្រុក។
មូលនិធិភាពជាដៃគូអាកាសធាតុសកល គឺជាមូលនិធិ ដែលមានមូលដ្ឋាននៅប្រទេសលុចសំបួ ដែលគ្រប់គ្រងដោយអ្នកគ្រប់គ្រងទ្រព្យស្វ៊ីស របស់ responsAbility Investments AG ដែលជាអ្នកគ្រប់គ្រងទ្រព្យឯកជនឈានមុខគេ នៅក្នុងវិស័យវិនិយោគទុនសម្រាប់ការអភិវឌ្ឍ៕