(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានអនុញ្ញាតឲ្យប្រតិភូមូលនិធិស្ដ្រីមេផ្ទះមុស្លិមថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលដឹកនាំដោយ លោក Hajah Dara Kattiya-Aree ប្រធានមូលនិធិស្ត្រីមេផ្ទះមុស្លិមថៃ។
ជំនួបនេះធ្វើឡើងបន្ទាប់ពីគណៈប្រតិភូ បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារស្រាយបួសរ៉ាម៉ាឌន របស់សាសនាឥស្លាមកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកស្រីប្រធានមូលនិធិ បានកោតសរសើរអំពីគោលនយោបាយសុខដមបនីយកម្ម របស់រារដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបានសង្កត់ធ្ងន់ថា សាសនិកឥស្លាមកម្ពុជា មានភ័ព្វសំណាងជាងសាសនិកឥស្លាមបណ្តាប្រទេស ក្នុងតំបន់មួយចំនួនផ្សេងទៀត ព្រោះនៅកម្ពុជាមានមេដឹកនាំ ដែលមានសមត្ថភាពដឹកនាំពិតប្រាកដ ជាមេដឹកនាំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការស្តារប្រទេសជាតិ ពីថ្លុកសង្គ្រាមរ៉ាំរ៉ៃរាប់ទស្សវត្ស បានក្លាយជាប្រទេសដែលមានការរីកចម្រើន ការធ្វើសមាហរណកម្មសន្តិភាព ក៏ទទួលបានជោគជ័យត្រចះត្រចង់ ដែលជាគំរូល្អដល់ឆាកអន្តរជាតិ ដែលមិនអាចលាក់បាំងបានឡើយ។
តាមការបញ្ជាក់ មូលនិធិស្ត្រីមេផ្ទះមុស្លិមថៃ បានកំពុងដំណើរការល្អក្នុងការសង្គ្រោះ និងផ្តល់ហិរញ្ញប្បទាន ដល់ស្ត្រីទន់ខ្សោយគ្មានទីពឹង ស្រ្តីមេម៉ាយ ដើម្បីទទួលបានដើមទុនខ្នាតតូចយកទៅប្រកបអាជីវកម្មកសាងជីវភាព ដោយមានការបណ្តុះបណ្តាលត្រឹមត្រូវ។ ក្រៅពីនេះមូលនិធិបានកំពុងផ្តល់ អាហាររូបករណ៍ដល់និស្សិតនារីក្រីក្រជាច្រើន ដែលទទួលបានការអប់រំបញ្ចប់កម្រិតឧត្តមសិក្សា និងទទួលបានការងារល្អជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងសហគ្រិនផងដែរ។
ជាមួយគ្នានេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់គណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមអបអរសាទរ និងជ្រោមជ្រែងចំពោះពិធីទទួលទានអាហារស្រាយបួសរ៉ាម៉ាឌន របស់សាសនាឥស្លាមកម្ពុជា ដែលរៀបចំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ លោកឧកញ៉ា ក៏បានអញ្ជើញគណៈប្រតិភូ ទទួលទានអាហារស្រាយបួសរ៉ាម៉ាឌន នៅឯព្រះវិហារឥស្លាមអន្តរជាតិ អាល់សារកាល បឹងកក់ រាជធានីភ្នំពេញផងដែរ៕