(កណ្តាល)៖ ដោយក្តីអាណិតអាសូរ ចំពោះកុមារីម្នាក់ ដែលរងទារុណកម្ម ពីថៅកែស្រី នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ និងនាំយកថវិកា គ្រឿងបរិភោគមួយចំនួនជូនកុមារីរងគ្រោះឈ្មោះ ជា ស្រីនូ (ហៅស្រីពៅ) អាយុ ១៦ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះកុមារី ជា ស្រីនូ និងសូមផ្តាំផ្ញើឱ្យអាណាព្យាបាលយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យដើម្បីស្តានីតិសម្បទា និងឆាប់ជាសះស្បើយឡើងវិញ។
ទន្ទឹមនឹងនេះ លោកស្រី ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលខិតខំព្យាបាល ដោយយកចិត្តទុកដាក់ និងអរគុណដល់វិទ្យុ ABC ដែលបានទៅជួយរំដោះកុមារីរងគ្រោះ និងយកចិត្តទុកដាក់ក្នុងការបន្តជួយឱ្យបានរៀនសូត្រ និងបណ្តុះបណ្តាលជំនាញឱ្យមានអនាគតល្អ។ ជាមួយគ្នានេះ លោកស្រី សូមអំពាវនាវឱ្យមានការផ្តន្ទាទោសដល់អ្នកប្រព្រឹត្តហិង្សាលើក្មេងស្រី ដើម្បីលើកកម្ពស់សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានការអភិវឌ្ឍ និងសិទ្ធិចូលរួមរបស់កុមារ។
អ្នកស្រី សុខ ឡាយ ម្តាយបង្កើតរបស់កុមារីរងគ្រោះ (ស្វាមីអ្នកស្រីជាអតីតយុទ្ធជនពិការ ដោយសារសង្គ្រាមរស់នៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) បានសំដែងក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានសន្តោសប្រណីចំពោះកូនស្រីអ្នកស្រី និងតែងគិតគូរ ផ្តល់ក្តីសង្ឃឹម លើកទឹកចិត្ដដល់អ្នករងគ្រោះទូទៅដោយគ្មានការរើសអើងអ្វីឡើយ។
ក្នុងឱកាសនោះដែរ លោកស្រី អគ្គលេខាធិការរងទី១ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់អ្នកជំងឺចំនួន២៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅបន្ទប់ក្បែរនោះផងដែរ ៕