(បាត់ដំបង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មចំពោះគណបក្សមួយដែលបានលើកឡើងថា សម្ដេចយកចិត្តទុកដាក់តែទៅលើកម្មករ-កម្មការិនី តែមិនអើពើគិតគូរ លើប្រជាកសិករនៅក្នុងស្រែ ដោយសម្ដេចបានចំអកត្រឡប់ទៅវិញថា នេះជាអំពើឆោតល្ងង់មួយ គ្រាន់តែជាការនិយាយ ដើម្បីយកសន្លឹកឆ្នោត។
ប្រតិកម្មយ៉ាងដូច្នេះរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ ដែលទីតាំងនៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
សម្ដេចតេជោនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ថា មេបក្សរូបនោះជាអ្នកណានោះទេ ដោយសម្ដេចគ្រាន់តែថ្លែងយ៉ាងដូច្នេះថា «ក្នុងកិច្ចប្រជុំបក្សនយោបាយម្សិលម្ងៃនេះ (វេទិកានោះធ្វើនៅរាជបណ្ឌិត្យសភាកម្ពុជា) មានបក្សមួយគេលើកឡើងថា ខ្ញុំព្រះករុណា ខ្ញុំយកចិត្តទុកដាក់តែទៅលើកម្មករ ស្រលាញ់តែកម្មករ មិនស្រលាញ់កសិករ កាលពីជំនាន់ទៅជាមួយកសិករគេថា យើងស្រលាញ់តែកសិករ ចោលកម្មករ អីចឹងទេមិនដឹងថា ត្រូវធ្វើយ៉ាងម៉េច ដើម្បីតម្រូវចិត្តគេទេ»។
សម្ដេចតេជោ ហ៊ុន សែន បានចំអកត្រឡប់ទៅវិញថា សម្ដីដែលថា នាយករដ្ឋមន្ត្រីស្រឡាញ់តែកម្មករ មិនស្រលាញ់កសិករនោះ គឺជាអំពើឆោតល្ងង់មួយនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ពីព្រោះពួកគេមិនស្គាល់ព្រឹត្តិការណ៍ពីអតីតកាល ឬគ្រាន់តែជាការនិយាយ ដើម្បីយកសន្លឹកឆ្នោតតែប៉ុណ្ណោះ ក៏ប៉ុន្តែពួកគេភ្លេចថា គឺនាយករដ្ឋមន្ត្រីដ៏សកម្មរូបនេះឯង ដែលជាអ្នកនៅតាមវាលស្រែច្រើនជាងគេ។
សម្ដេចតេជោ បានសម្ដែងការសោកស្ដាយថា ជាអកុសលរបស់ប្រទេសកម្ពុជា មិនដឹងថាអភ័ព្វយ៉ាងដូចម្ដេចទេ ដែលបុគ្គលមួយចំនួនគ្រាន់ តែប្រវត្តិពីអតីតកាលរបស់ខ្លួន មិនទទួលស្គាល់ផងនោះ រាប់ទាំងការតស៊ូវាយរំដោះប្រជាពលរដ្ឋ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏គេមិនទទួលស្គាល់ផងនោះ ក្នុងនោះសម្ដេចក៏បានចោទសួរថា «តើគេមិនដឹងថា គេរស់ដោយរបៀបណាផងទេ បើប៉ុលពត មិនបានដួលរលំ?»។
ឆ្លើយតបនឹងការលើកឡើង របស់អ្នកដែលយល់ខុសនោះ សម្ដេចតេជោបាននិទានឡើងវិញថា នៅឆ្នាំ២០០៣ អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត សម្ដេចមិនបានចូលរួមក្នុងយុទ្ធនាការនេះទេ ដោយសម្ដេចបានចុះទៅស្ទួងស្រូវជាមួយកសិករ ស្រាប់តែមានការចោទប្រកាន់ថា សម្ដេចយកចិត្តទុកដាក់ច្រើនជាមួយកសិករ មិនយកចិត្តទុកដាក់ជាមួយកម្មករ ថែមទាំងមានអ្នកបន្ទោសបង្អាប់សម្ដេចថា «ទៅៗស្ទួងស្រូវទៅ ព្រោះមានអ្នកធ្វើនាយករដ្ឋមន្ត្រីជំនួសហើយ»។
ថ្វីដ្បិតប្រទេសកម្ពុជា ជាប្រទេសពឹងផ្អែកលើ វិស័យកសិកម្មក៏ពិតមែន ប៉ុន្តែសម្ដេច ហ៊ុន សែន បានពន្យល់ថា ជាមួយនឹងការជួយជ្រោមជ្រែង ពីសំណាក់រាជរដ្ឋាភិបាល បច្ចុប្បន្ននេះប្រជាកសិករ នៅកម្ពុជាបានខំប្រឹងពង្រឹង និងពង្រីកខ្លួនជាបណ្ដើរៗហើយ ដោយសម្ដេចបានអះអាងថា គ្រាន់តែនៅក្នុងខេត្តបាត់ដំបងមួយ រាជរដ្ឋាភិបាលបានចំណាយថវិកាជាច្រើន រយលានដុល្លារអាមេរិក សម្រាប់កសាងប្រព័ន្ធធារាសាស្ត្រស្រោចស្រពផលកសិកម្ម ហើយនៅខេត្តពោធិ៍សាត់ក៏ដូចគ្នា។
លើសពីនេះ សម្ដេចក៏បានបរិយាយបន្ថែមថា ក្នុងពេលសម្ដេចជិះឧត្ថម្ភាគចក្រមកសម្ពោធរោងចក្សផលិតស៊ីម៉ងដ៍នេះ សម្ដេចបានឃើញថា នៅក្នុងចំណោមបណ្ដាខេត្ត ដែលធ្វើស្រូវដើមរដូវបានច្រើននៅកម្ពុជា មានតែខេត្តពោធិ៍សាត់ទេ ដែលឃើញមានស្រូវច្រើនជាងគេ ដូចជានៅម្ដុំស្រុកបាកាន និងស្រុកមួយចំនួនផ្សេងទៀត ហើយចូលមកដល់ខេត្តបាត់ដំបង ក៏អាចចាត់ទុកថា ជាខេត្តដែលកំពុងតែដាំដុះស្រូវច្រើនដែរ។
មូលហេតុមួយទៀត ដែលសម្ដេចមមាញឹកនឹងកម្មករ-កម្មការិនីនោះ គឺថាបន្ទាប់ពីវិស័យកសិកម្ម មានការរីកចម្រើនជាងមុនហើយនោះ សម្ដេចបានបន្ថែមនូវការងារចុះជួបកម្មករ-កម្មការិនីមួយផ្នែកទៀត ដូចប្រជាពលរដ្ឋបានឃើញជារឿយៗមកហើយ ព្រោះសកម្មភាពនេះ ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលផងដែរ៕