(បាត់ដំបង)៖ ថ្លែងចេញពីខេត្តបាត់ដំបង អតីតតំបន់សមរភូមិក្ដៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ប្រសិនបើគ្មានការយកជីវិតរបស់សម្ដេចទៅប្រថុយ ជាមួយទ័ពតស៊ូខ្មែរក្រហម កាលពីទស្សវត្សរ៍ឆ្នាំ៩០ទេនោះ ប្រទេសកម្ពុជាក៏គ្មានសន្ដិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ននេះដែរ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានរំលឹកដែរថា ស្ថានភាពកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ៩០ តួនាទី មុខតំណែង និងជីវភាពរបស់សម្តេចមិនមានអ្វីលំបាក ដែលគួរឲ្យសម្តេចប្រថុយប្រថានជីវិត ចូលទៅចរចាជាមួយខ្មែរក្រហមនោះទេ ប៉ុន្ដែដើម្បីប្រទេសជាតិ និងប្រជាជន គឺសម្ដេចត្រូវតែហ៊ានលះបង់។
ប្រសាសន៍ខាងលើនេះ ត្រូវបានលើកឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការសម្រេចចិត្តថា នឹងចូលចរចាជាមួយខ្មែរក្រហម រហូតធ្វើឲ្យម្ដាយបង្កើត និងម្ដាយធំរបស់សម្ដេច ចូលឃាត់សម្ដេចដល់ក្នុងបន្ទប់សម្រាកថា មិនឲ្យសម្ដេចមកចរចាជាមួយខ្មែរក្រហមនោះទេ ព្រោះខ្លាចមានបញ្ហាដល់អាយុជីវិត ប៉ុន្ដែសម្ដេចបានពន្យល់ ប្រាប់ម្ដាយបង្កើត និងម្ដាយធំថា ប្រសិនទៅចរចាហើយត្រូវខ្មែរក្រហមសម្លាប់ គឺសម្លាប់តែប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្ដែបើជោគជ័យគឺជាតិទាំងមូល។
«ទាំងម្ដាយបង្កើត ទាំងម្ដាយធំចូលទៅបន្ទប់ដេករបស់ខ្ញុំ ពេលនោះខ្ញុំទើបនឹងភ្ញាក់ ដឹងថាខ្ញុំទើបភ្ញាក់ពីដេកហើយគាត់បើកទ្វារចូលទៅ គាត់ចង្អុលមុខខ្ញុំតែម្ដង តែខ្ញុំឆ្លើយតបទៅវិញថា ម៉ែ ម៉ែធំ ប្រសិនបើស្លាប់ ស្លាប់តែខ្ញុំ និងអ្នកទៅជាមួយខ្ញុំប៉ុណ្ណោះ ប៉ុន្ដែបើបានមកវិញ គឺបានផែនដីទាំងមូលតែម្ដង»។ នេះជាអ្វីដែលសម្ដេចតេជោ បានគូសបញ្ជាក់។
សម្ដេចបានសង្កត់ធ្ងន់ថា បើសម្ដេចមិនធ្វើដំណើរទៅប៉ៃលិន, សំឡូត, កំរៀងភ្នំព្រឹក, ម៉ាឡៃទេនោះ ច្បាស់ណាស់គ្មានណាជឿ ហើយចុះចូលជាមួយសម្ដេចនោះទេ ពោលទាល់តែសម្ដេចទៅផ្ទាល់ ទើបទាហ៊ានខ្មែរក្រហមមានទំនុកចិត្ត។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីគោលនយោបាយឈ្នះឈ្នះផងដែរ ដែលធ្វើឲ្យកម្ពុជាបានបញ្ចប់សង្គ្រាមទាំងស្រុង ព្រោះថាគោលការណ៍ នៃការអនុវត្តន៍នយោបាយឈ្នះឈ្នះ បានធានានូវ៣ចំណុចសំខាន់ៗ រួមមាន៖ ១៖ធានាអាយុជីវិត និងរូបកាយរបស់ទាហានខ្មែរក្រហម ដែលផ្តាច់ខ្លួន, ២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ទទួលស្គាល់លើកម្មសិទ្ធិទ្រព្យសម្បត្តិ។
នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្ទើពាក់កណ្ដាលជីវិត ដើម្បីប្រទេស និងប្រជាជនកម្ពុជានោះ ក៏បានអរគុណដល់ជនរួមជាតិទាំងអស់ ដែលបានគាំទ្រចំពោះនយោបាយឈ្នះឈ្នះរបស់សម្តេច ហើយសម្តេចបានរំលឹកប្រជាពលរដ្ឋថា អ្វីដែលកម្ពុជាមាននាពេលបច្ចុប្បន្ននេះ ដោយសារតែកម្ពុជា មានសុខសន្តិភាព៕