(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការសាកសួរសព្វគ្រប់ ចៅក្រមស៊ើបសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ថាវរៈ បានចេញដីការសម្រេចឃុំខ្លួនថៅកែស្រីចិត្តខ្មៅ ឈ្មោះ ម៉េង រ័ត្នពិសី ហៅ​ភា ដែលបានវាយធ្វើទារុណកម្ម​ក្មេងស្រីកូនឈ្នួលរាប់ឆ្នាំហើយ ​ដោយដាក់គុកជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ដោយរងចាំនីតិវិធីជំនុំជម្រះទោសទណ្ឌជាក្រោយ។

ការចេញដីការបង្គាប់ឲ្យឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីលោកព្រះរាជអាជ្ញារង ស្រី ម៉ាកនី បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ម៉េង រ័ត្នពិសី ហៅ​ភា អាយុ​៣៣ឆ្នាំ មុខរបរ​លក់សម្លៀកបំពាក់ ស្នាក់នៅផ្ទះ​លេខ​១៧អា ក្បែរផ្សារបុរីសន្តិភាព២ ភូមិ​តំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌ​ពោធិ៍សែនជ័យ ពីបទ​ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសទាក់ទង ទៅលើជនរងគ្រោះឈ្មោះ ជា ស្រីនូ ហៅ​ស្រី​ពៅ ​អាយុ​១៦ឆ្នាំ មានស្រុកកំណើត ភូមិទំនប់ថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មករស់នៅ​ស៊ីឈ្នួល​ក្នុងផ្ទះជាមួយ​ ដោយ​យោងតាមមាត្រា​២១៩ នៃក្រមព្រហ្មទណ្ឌ។​

យោងតាមមាត្រា​ខាងលើនេះ ជនត្រូវចោទ​អាចប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារ ពី​២ឆ្នាំ ទៅ៥ឆ្នាំ។

សូមជម្រាបជូនថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះរបស់ជនសង្ស័យ ក្រោយពីមានការបែកធ្លាយ ព័ត៌មានថា​ស្ត្រីសង្ស័យ បានប្រើអំពើហិង្សាលើក្មេងស្រីរងគ្រោះ របួសជាច្រើនកន្លែង​អស់រយៈពេល​៤ឆ្នាំ៕