តុលាការសម្រេចឃុំខ្លួននគរបាលខណ្ឌព្រែកព្នៅ ដែលបាញ់បោះសេរី ដាក់ពន្ធនាគារបណ្តោះអាសន្ន
31-05-2018 14:49
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ចៅក្រមសស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ ផន សុផល ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ដ្រីនគរបាលខណ្ឌព្រែកព្នៅ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំជំនុំជម្រះតាមនីវិធីជាក្រោយ។
ការសម្រេចរបស់លោកចៅក្រមស៊ើបសួរ ធ្វើឡើងបន្ទាប់ពីលោក រៀល សុភិន ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ឈ្មោះ ផន សុផល ពីបទប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាតិ តាមក្រមនីតិវិធីព្រហ្មទណ្ឌ។
សូមជម្រាបជូនថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ អន សារី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខផ្សារផ្លាហ្សា។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ផន សុផល បានជិះម៉ូតូម៉ាក ZOOMER X ព័ណ៌លឿង ក្នុងស្ថានភាពស្រវឹង បានដកកាំភ្លើងម៉ាកK54 បាញ់ឡើងលើ២គ្រាប់ (ផ្ទុះមួយគ្រាប់) នៅចំណុចមុចខតូបលេខ៧១៩០ ក្នុងផ្សារផ្លាហ្សា ផ្លូវលេខ៤៥ ភូមិទី១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គួររំលឹកថា ជនត្រូវចោទជាច្រើននាក់ហើយ នៅក្នុងនោះមានអ្នកពាក់ផ្កាយ និងឧកញ៉ាផង ត្រូវជាប់គុកដោយសាររឿងបាញ់បោះសេរីជាហូហែរ៕