(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពាជាតិ និងជាតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឃ្លាំងស្តុបសារធាតុគីមី បន្សល់ទុកកាលពី សម័យសង្រ្គាម និងគិលានដ្ឋានព្យាបាលជំងឺ ដែលស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ថា បន្ទាប់ពីមានហេតុការរីកសាយភាយសារធាតុគីមី ដែលបន្សល់ទុកដោយសារសង្គ្រាម នៅស្រុករមាសហែក ខេត្តស្វាយរៀង កាលពីពេលថ្មីៗកន្លងទៅនេះ ធ្វើឲ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក្រោមការយកចិត្តទុកដាក់ គិតគូរខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន អាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិ បានសាងសង់ឃ្លាំងស្តុបសារធាតុគីមីបណ្តោះអាសន្នមួយកន្លែង ស្ថិតនៅក្នុងវិទ្យាស្ថានស្រាវជ្រាវពិសោធន៍សារធាតុគីមី ដើម្បីរៀបចំទុកដាក់នូវរាល់សារធាតុគីមី ដែលបានរកឃើញបន្សល់ទុកដោយសារសង្គ្រាម កាលពីទស្សវត្សទី៧០។
តាមរយៈពិធីសម្ពោធនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានអំពាវនាវដល់ អង្គការហាម ឃាត់អាវុធគីមី OPCW ឲ្យចូលរួមសហការជាមួយ អាជ្ញាធរជាតិអាវុធគីមី ដើម្បីធ្វើការស្រាវជ្រាវ រកសារធាតុគីមីដែលនៅសេសសល់ រកមិនទាន់ឃើញ យកមករក្សាទុកកុំឲ្យឆ្លងរាលដាល ប៉ះពាល់សុខភាពប្រជាពលរដ្ឋតទៅទៀត។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានសង្កត់ធ្ងន់ថា សង្គ្រាម បានសម្លាប់មនុស្ស បំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីគ្មានសល់ ដូចនេះគេមិនអាចយកសន្តិភាព ទៅប្តូរជាមួយសង្គ្រាមបានទេ។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍បញ្ជាក់ថា ក្រោមការខិតខំដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រជាជនកម្ពុជា ទទួលបានសុខសន្តិភាព និងគ្មានសង្គ្រាម ព្រមទាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ កសាងធនធានមនុស្ស មានការរីកចម្រើន មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងទទួលបានសន្តិភាព សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានអំពាវនាវឲ្យនាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព ត្រូវត្រៀមខ្លួនដើម្បីនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មី និងអាណត្តិក្រោយៗ ជាបន្តបន្ទាប់ទៅមុខទៀត៕