(កំពង់ស្ពឺ)៖លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានថ្លែងថា ដោយសារតែការផ្លាស់ប្តូររបប បានធ្វើឲ្យកម្ពុជាទទួលរងយ៉ាងធ្ងន់ធ្ងរនូវរបបមួយដែលកម្ពុជាខ្លួនឯងជាអ្នករងទុក្ខ គឺរបប ប៉ុល ពត បំផ្លាញដល់ឬស្សគល់គ្មានសល់អ្វីឡើយ ។ មិនតែប៉ុណ្ណោះទីកន្លែងសក្ការៈ សាលារៀន បានក្លាយជាគុក ជាកន្លែងទុកដាក់់ស្រូវ ជី និងអំបិល។ល។ តែមកដល់សម័យបច្ចុប្បន្ន ទីកន្លែងទាំងនោះបានប្រែក្លាយទៅជាថ្នាលបណ្តុះបណ្តាល ជាកន្លែងជួបជុំពុទ្ធិបរិស័ទ្ធ និងជាកន្លែងគោរពបូជារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ។
លោក ហ៊ុន ម៉ានី ក៏បានពាំនាំនៅការផ្តាំសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនចំពោះព្រះសង្ស មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល ។
លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយសារតែការដណ្តើមអំណាចដោយនយោបាយខ្មៅងងឹត ពឹងផ្អែកលើបរទេសបានធ្វើឲ្យប្រទេសជាតិក្លាយជាផេះផង់ ត្រូវបានបរទេសនាំយកគ្រាប់ផ្លោងមកទម្លាក់លើមាតុភូមិរាប់សែនតោន មិនតែប៉ុណ្ណោះបង្ខំឲ្យរាជរដ្ឋភិបាលសងលុយបំណុលថ្លៃសម្លាប់ពលរដ្ឋឯងប្រមាណជិត៦០០លានដុល្លារថែមទៀត ។ លោកអភិបាលខេត្តបន្តថា ថ្ងៃនេះក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយប្រទេសទៅស្មើរមុខ ស្មើរមាត់ទាំងក្នុងតំបន់ និងសហគមន៏អន្តរជាតិ ហើយខេត្តកំពង់ស្ពឺបានប្រែក្លាយពីភាពក្រីក្របំផុត មកជាខេត្តដែលមានសក្ដានុពលវិស័យកាត់ដេរ បងប្អូនប្រជាជនទូទាំងខេត្តទទួលបានចំណូលក្នុងមួយខែៗប្រមាណជា២០លានដុល្លារពីវិស័យកាត់ដេរនេះ។
ការថ្លែងបែបនេះ ធ្វើឡើនៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងពិធីកាត់ខ្សែបូ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តបសេដ្ឋ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួនជា១០០០នាក់ ។
សមិទ្ធផលដែលសម្ពោធនាពេលនេះរួមមាន ទី១.សាលាពុទ្ធិកបឋមសិក្សា១ខ្នង កម្ពស់៣ជាន់ ទំហំ ១៧ម x ១៧ម និងរូបកូរសមុទ្រទឹកដោះផង ចំណាយអស់ទឹកប្រាក់ចំនួន ១៨៦.២១៤$ ទី២.ស្រះទឹក១កន្លែង ទំហំ ៦៥មx៥៣ម ជម្រៅ ៣.៥០ម ចំណាយអស់ទឹកប្រាក់ចំនួន ១៧.១២៥$ និងទី៣. បង្គន់អនាម័យ រោងទទួលភ្ញៀវ១ខ្នង ទំហំ ៤១ម x ១៥ម ទិញតុ កៅអី ជួសជុលបរិស្ថាន លាបពណ៌ក្លោងទ្វា រូបសំណាក សួនច្បា និងក្រាលថ្មផេះពេញទីវត្តអារាមផងដែរ៕