(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីសញ្ជាតិ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងហើយ នៅក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមការដឹកនាំអង្គប្រជុំដោយ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សេចក្តីព្រាងច្បាប់ស្តីពី សញ្ជាតិ មានចំនួន១០ជំពូក ចែកចេញជា៣៨មាត្រា ត្រូវបានរដ្ឋសភាអនុម័តដោយសំឡេង មានចំនួន១១២។
សូមជម្រាបថា លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យសិក្សា លើសេចក្តីព្រាងច្បាប់។ ដោយឡែក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសហការី តំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។
សូមជម្រាបផងដែរថា របៀបវារៈសំខាន់ៗ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នេះ មានចំនួន៤ ត្រូវបានអគ្គលេខាធិការដ្ឋាន នៃរដ្ឋសភាបញ្ជាក់ថា៖
ទី១៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ដ្រី
ទី២៖ ការពិភាក្សា និងអនុម័តសេចក្ដីពា្រងច្បាប់ស្ដីពី សញ្ជាតិ
ទី៣៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី
ទី៤៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្ដីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ៕