(រតនគិរី)៖ អាជ្ញាធរខេត្តរតនគិរី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រារព្ធខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៨។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ថង សាវុន អភិបាលខេត្តរតនគិរី និងមានការចូលរួមពី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ យុវជនសហភាពសហព័ន្ធ យុវជនកាយរិទ្ធ និងប្អូនៗ សិស្សនុសិស្សមកពីសាលារដ្ឋ និងឯកជន សរុបប្រមាណ១,០០០នាក់។
លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានលើកឡើងថា ទិវាខាងលើនេះប្រារព្ធធ្វើឡើង ក្នុងគោលបំណងរំលឹកឡើងវិញ ពីប្រវត្តិដ៏ជូរចត់របស់កុមារពិភពលោក និងកុមារកម្ពុជាតិ នាពេលកន្លងមកដើម្បីជាការចង់ចាំ និងជាមេរៀនសម្រាប់ កុមារជំនាន់នេះ និងកុមារក្រោយៗទៀត។
ថ្លែងទៅកាន់អង្គពិធីទាំងមូល លោក ថង សាវុន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះកុមារៗ ពិតជាមានសំណាងណាស់ បើប្រៀបធៀបទៅជំនាន់មុនៗ ដោយក្មួយៗបានរស់នៅក្នុងសុខសន្តិភាព រស់នៅក្នុងភាពសប្បាយរីករាយ មានសិទ្ធសេរី ភាពគ្រប់បែបយ៉ាង មានការថែទាំពីឪពុកម្តាយ មានការថែទាំពីសង្គម មានការថែទាំងពីរាជរដ្ឋាភិបាល និងមានឱកាសទទួលបាននូវការសិក្សារៀនសូត្រ និងជំនាញបច្ចេកទេស យ៉ាងទូលំទូលាយ ពោលរស់នៅក្នុងក្តីសង្ឃឹមយ៉ាងម៉ុតម៉ាំ។
លោកអភិបាលខេត្ត បានបន្តថា ទិវាដែរប្រារព្ធធ្វើឡើងនៅថ្ងៃនេះ គឺក្នុងគោលបំណងរំលឹកដល់អតីតកាលរបស់ពិភពលោក ក៏ដូចជារបស់ប្រទេសកម្ពុជា នៅក្នុងដំណាក់កាលដ៏ខ្មៅក្រខ្វល់។ ម្យ៉ាងទៀតក៏ជាការចែករំលែកមេរៀនជីវិតសម្រាប់ក្មួយៗ និងលោកគ្រូ អ្នកគ្រូ ដើម្បីត្រិះរិះពិចារណាលើកខ្លឹមសារពិត នៃសន្តិភាព និងសិទ្ធិសេរីភាព ដែរកំពុងមានសព្វថ្ងៃនេះ ព្រោះថាសន្តិភាព សិទ្ធិសេរីភាព វាមិនមែនកើតឡើងដោយឯកឯងឡើយ ព្រោះត្រូវការលះបង់ ការពលីជីវិត ការបូជាសាច់ស្រស់ឈាមស្រស់របស់ប្រជាជន និងយុទ្ធជន ដូចនេះត្រូវនាំគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្សជារៀងរហូត។
ក្នុងឱកាសនោះ លោក ថង សាវុន ក៏បានផ្តល់ការសន្យាផងដែរ ចំពោះក្មួយៗសិស្សានុសិស្ស នាពេលខាងមុខនេះ លោកនឹងសិក្សាជាមួយមន្ទីរជំនាញ ដើម្បីធ្វើស្ពានអាកាសតូចល្មមពីលើផ្លូវជាតិលេខ៧៨ ទល់មុខវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ដើម្បីជាប្រយោជន៍ជូន សិស្សានុសិស្សបានធ្វើដំណើរឆ្លងកាត់ បានងាយស្រួល ក្នុងគោលបំណងបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ។ ដោយឡែកនៅក្បែរអាកាសនោះ ក៏មានការសាងសង់បង្គន់ អនាម័យសម្រាប់ប្រើប្រាស់រួម ទាំងអ្នកធ្វើដំណើរ ទាំងទេសចរណ៍ជាតិ និងអន្តរជាតិ និងសិស្សានុសិស្សផងដែរ។
គួរបញ្ជាក់ថា ការប្រារព្ធទិវាកុមារអន្តរជាតិនេះ គឺដើម្បីរំលឹកពីនយោបាយពួក «ហ្វាសីសហ៊ីត្លែរ» ដែលបានប្រព្រឹត្តិឧក្រិដ្ឋកម្មកាប់សម្លាប់ និងប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ចំពោះមនុស្សជាតិ ជាពិសេសការសម្លាប់រង្គាលលើកុមារ និងស្ត្រីក្នុងប្រទេសអាលឺម៉ង់ ហើយក្នុងបណ្ដាលប្រទេសនៅក្នុងពិភពលោក ទិវាកុមារអន្តរជាតិនេះ ជាទិវាមួយដែលបំផុសស្មារតីដល់មនុស្សជាតិទាំងមូល ឲ្យយកចិត្តទុកដាក់ការពារ សុខមាលភាព សេរីភាព អាយុជីវិតកុមារ ការកេងប្រវ័ញ្ច លើកម្លាំងពលកម្មកុមារ និងជាទិវាសាមគ្គីអន្តរជាតិ របស់កុមារលើពិភពលោក៕