(ភ្នំពេញ)៖ លោកស្រី មាស ឡា តលិបណា តំណាងលោកបណ្ឌិត យូសូហ្វ អាល់អូសៃមិន អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលតំណាងរដ្ឋឥស្លាម ជាសមាជិកចំនួន៥៧ប្រទេស បានលើកឡើងថា សកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សមាហរណកម្មសន្តិភាព សុខដមបនីយកម្ម និងការរួមរស់ជាមួយគ្នា និងការស្វែងរកភាពសុខដុមរមនា រវាងប្រជាជន និងវប្បធម៌ គឺជាការសម្រេចចិត្តក្នុងការអនុវត្ត នូវគោលនយោបាយដ៏ល្អបំផុត ជាគំរូល្អសម្រាប់ប្រទេសដ៏ទៃនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
ការថ្លែងបែបនេះ នៅក្នុងឱកាសនៃពិធីទទួលទានអាហារស្រាយបួសរ៉ាម៉ាឌន របស់សាសនិកឥស្លាមកម្ពុជា នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ដែលរៀបចំ និងអញ្ជើញចូលរួមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ថ្លែងនៅក្នុងអង្គពិធី ដែលមានវត្តមានប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់នៃកម្ពុជា និងតំណាងអង្គទូត មេដឹកនាំឥស្លាម ស្ថាប័នអង្គការ អន្តរជាតិ អញ្ជើញចូលរួមពី៣៣ប្រទេស និងតំណាងសហគមន៍ខ្មែរឥស្លាម ជិត៥០០០នាក់ លោកស្រីតំណាងអគ្គលេខាធិការអង្គការ OIC បានបន្តថា ការលើកកម្ពស់ការអត់ឱន ផ្នែកសាសនា របស់រាជរដ្ឋាភិបាលបានបង្ហាញយ៉ាងច្បាស់ នូវផលវិជ្ជមាន និងជាកត្ដាមួយដែលនាំឲ្យកម្ពុជាមានលក្ខណៈខុសពីបណ្តាប្រទេសមួយចំនួន។
ក្នុងនាមជាអង្គការអន្តររដ្ឋាភិបាលធំបំផុតទីពីរ របស់ពិភពលោក OIC បានប្តេជ្ញាចិត្តសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់ ការគោរពគ្នា ទៅវិញទៅមក និងភាពសុខដុមរមនា រវាងប្រជាជនសង្គម និងវប្បធម៌ខុសៗគ្នា ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍជាសកល។
អង្គការសហប្រតិបត្ដិការឥស្លាម នឹងបន្តជម្រុញ និងខិតខំប្រឹងប្រែងដើម្បីបញ្ចូលកម្ពុជា ជាសមាជិកអង្កេតការណ៍នៅអង្គការនេះ នាពេលខាងមុខ៕