(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងឲ្យដឹងថា ដើម្បីលើកកំពស់សិទ្ធិសេរីភាពកុមារ នៅទូទាំងប្រទេស និងលើកពិភពលោកនោះ យើងត្រូវរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ការងារកុមារ និងភាពងាយរងគ្រោះលើកុមារ ស្របតាមប្រធានបទ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១ មិថុនា គឺទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាព សម្រាប់កម្មករ និយោជិតវ័យក្មេង។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈលោកស្រីបានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃម្ពុជា ចូលរួមក្នុងពិធីប្រារព្ធទិវាពិភពលោក ប្រឆាំងពលកម្មកុមារអន្ដរជាតិ ១មិថុនា ឆ្នាំ២០១៨ នាមជ្ឈមណ្ឌកោះពេជ្រ នៅថ្ងៃទី ៣១ ឧសភា ឆ្នាំ២០១៨។
ពិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានកាចូលរួមយ៉ាងច្រើនកុះករពីមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស កុមារគ ថ្លង់ ច្រើនរូបទៀត ។
លោកស្រី ម៉ែន សំអន បានថ្លែងបញ្ជាក់ថា ភាពក្រីក្រ និងការយល់ ដឹងរបស់សហគមន៍ដែលមានកម្រិតទាប គឺជាមូលហេតុចម្បងដែលនាំឱ្យមានពលកម្មកុមារ។ ម៉្យាងទៀត ក្រុមគ្រួសារក្រីក្រដែលខ្វះធនធាន ខ្វះជំនាញ មានការអប់រំទាប និងមានប្រាក់ចំណូលតិចជាមុខសញ្ញា ក្នុងការប្រើប្រាស់ពលកម្មកុមារ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ដោយសារមូលហេតុនេះ គេសង្កេតឃើញពលកម្មកុមារនៅតែមានក្នុងតំបន់មួយចំនួនកម្ពុជា។
លោកស្រី ម៉ែន អំអន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាបញ្ហាអាទិភាពមួយដ៍ធំបំផុត ក្នុងចំណោមអត្ថិភាពជាច្រើនទៀត។ ដើម្បីចាត់វិធានការឱ្យមានប្រសិទ្ធភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រឹងការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ ដោយផ្តោតលើគោលការណ៍ចម្បង៣ គឺ៖ ការដកហូតកុមារ ពីទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ដើម្បីឱ្យកុមារទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្ម កុមារទៅក្នុងសង្គម។ កិច្ចសហការជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងការជួញដូរស្រ្តី និងកុមារ លើកកម្ពស់ការងារសមរម្យ និងសុវត្ថិភាពការងារកុមារ។
លោករដ្ឋមន្ត្រី វង សូត្រ បានថ្លែងបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានអនុម័តផែនការ សកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ (២០១៦ -២០២៥ ) កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាផែនទីបង្ហាញផ្លូវ និងជាឯកសារបច្ចុប្បន្នកម្មទៅលើ ផែនការសកម្មភាពជាតិ ស្តីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ (២០០៨-២០១២)។
លោករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ផែនការសកម្មភាពជាតិ បទដ្ឋានច្បាប់ បទប្បញ្ញត្តិទាំងឡាយដែលពាក់ព័ន្ធនឹងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ពិនិត្យតាមដាន និងវាយតម្លៃលើការអនុវត្តអនុសញ្ញា នៃអង្គការពលកម្មកុមារ និងសហការ ជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារតែម្ដង។
ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានកោតសរសើរដល់រដ្ឋមន្រ្តី វង សូត ដែលបានចេញសេចក្តីប្រកាសព័ត៌មានថ្កោលទោស ទៅដល់ស្រ្តីម្នាក់ ដែលបានប្រើអំពើហិង្សា ទៅលើក្មេងស្រី អាយុ១៦ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យផងដែរ។ ការប្រកាសថ្កោលទោស របស់លោករដ្ឋមន្រ្តី នាពេលនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ បាននឹងកំពុងតែយកចិត្តទុកដាក់ខ្លាំងទៅការសិទ្ធិសេរីភាពរបស់ កុមារនៅទូទាំងប្រទេសកម្ពុជា៕