(ភ្នំពេញ)៖ លោក អេមុន មើហ្វី (Eamonn Murphy) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់កម្មវិធីអង្គការសហប្រជាជាតិ ទទួលបន្ទុកការប្រយុទ្ធប្រឆាំងមេរោគអេដស៍ (UNAIDS) បានថ្លែងបញ្ជាក់ថា កម្ពុជាបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង៧ លើពិភពលោក ដែលបំបែកឯកត្តកម្ម សម្រេចបាននូវគោលដៅ ប្រយុទ្ធប្រឆាំងមេរោគអេដស៍។
ការបញ្ជាប់យ៉ាងដូច្នេះរបស់នាយក UNAIDS ធ្វើឡើងក្នុងឱកាសដែលលោកចូលជួបពិភាក្សាការងារជាមួយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែឧសភានេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងជំនួបនោះ «លោក អេមុន មើហ្វី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងជោគជ័យដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ហើយកម្ពុជាបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសឯកត្តករទាំង៧ លើពិភពលោក ដែលសម្រេចបាននូវគោលដៅ ប្រយុទ្ធប្រឆាំងមេរោគអេដស៍តាមផែនការ»។
លោក អេមុន ក៏បានបញ្ជាក់ឡើងវិញអំពីជំហរច្បាស់លាស់របស់ UNAIDS ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើការងារប្រយុទ្ធប្រឆាំងមេរោគអេដស៍ និងផ្តល់កិច្ចសហការពេញលេញ ដើម្បីគាំទ្រការអនុវត្ត «កម្មវិធីប្រយុទ្ធប្រឆាំងមេរោគអេដស៍ និងរបេងនៅ កម្ពុជា ២០១៨ -២០២០» ហិរញ្ញប្បទានដោយមូលនិធិសកល ឱ្យកាន់តែជោគជ័យបន្ថែមទៀត។
លោកអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ UNAIDS ក្នុង ការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ថ្វីត្បិតតែមានវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែកិច្ចការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ នៅតែមិនទាន់ចប់សព្វគ្រប់ ហើយងាយអាចនឹងរអិលថយក្រោយវិញយ៉ាងឆាប់រហ័យ បើសិនជាយើងលែងសកម្មធ្វើកិច្ចការនេះបន្តទៀត ព្រោះជាការងារដែលពាក់ព័ន្ធនឹង ការកែប្រែឥរិយាបទរបស់បុគ្គល។ ភារកិច្ចនេះ តម្រូវឱ្យរក្សានិរន្តរភាពនៃកិច្ច ខិតខំប្រឹងប្រែងនេះបន្តទៀត បើទោះជានាពេលបច្ចុប្បន្ននេះ មានកម្រិតធូរស្រាលច្រើន ធៀបនឹងប៉ុន្មានឆ្នាំមុនៗក៏ដោយ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏កំពុងត្រៀមខ្លួន ឆ្លើយតបចំពោះនិន្នាការការធ្លាក់ចុះនៃថវិកាពីដៃគូ ដោយកំពុង គិតគូររៀបចំ «យុទ្ធសាស្រ្តអន្តរកាល» ដែលមានលក្ខណៈប្រយ័ត្នប្រយែង, ប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ។ «យុទ្ធសាស្រ្ត អន្តរកាល» នេះនឹង៖ ១៖ គិតគូរឡើងវិញអំពីវិធីសាស្រ្តនៃការធ្វើអន្តរាគមន៍, នីតិវិធី និងយន្តការគ្រប់គ្រង ការអនុវត្ត ដើម្បីធានាបាននូវប្រសិទ្ធភាពចំណាយខ្ពស់ជាមុន និង ២៖ ពិនិត្យលទ្ធភាពបង្កើនថវិការដ្ឋទៅតាមលទ្ធភាពដែលមានជាក់ស្តែង។
លោកទេសរដ្ឋមន្រ្តី បានស្នើឱ្យ UNAIDS ដែលក្នុងឋានៈជាស្ថាប័នជំនាញ របស់អង្គការសហប្រជាជាតិ លើការងារប្រយុទ្ធប្រឆាំងមេរោគអេដស៍ និងជាលេខាធិការដ្ឋានរបស់ដៃគូអភិវឌ្ឍនានាដែល មានបេសកកម្មលើវិស័យនេះ ឱ្យចូលរួមកាន់តែសកម្មជាងនេះបន្ថែមទៀត ទាំងការផ្តល់ជាការណែនាំគោលនយោបាយ, ការគាំទ្រផ្នែកបច្ចេកទេស និងជួយកៀរគរហិរញ្ញប្បទានឥតសំណង ពីប្រភពផ្សេងទៀតផងដែរ៕