(បាត់ដំបង)៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានសេចក្តីរីករាយ ដែលបានសម្ពោធសមិទ្ធផលថ្មីមួយ នៅលើដែកដីកម្ពុជា ជាពិសេសលើដែនដីដែលធ្លាប់តែយាយី ដោយភ្លើងសង្គ្រាមពីអតីតកាល។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វត្តមានរោងចក្រផលិតស៊ីម៉ង់តិ៍នេះ នឹងចូលរួមចំណែកច្រើន ក្នុងការផ្គត់ផ្គង់សម្ភារៈសំណង់ ជាពិសេសស៊ីម៉ង់តិ៍ ដែលកម្ពុជាធ្លាប់បាននាំចូលច្រើនពីបរទេស។
* សម្តេចតេជោ បានប្រតិកម្មចំពោះអ្នកលើកឡើងថា សម្តេចយកចិត្តទុកដាក់លើកម្មករ ហើយសម្លាប់កសិករ។ សម្តេចចាត់ទុកការលើកឡើងដូចនេះ គឺភ្លេចហើយថា សម្តេចគឺជាមេដឹកនាំចុះវាលស្រែច្រើនជាងគេ ហើយពេលនោះក៏មានអ្នកលើកឡើងថា សម្តេចយកចិត្តទុកដាក់លើកសិករ ច្រើនជាងកម្មករផងដែរ។
* សម្តេចតេជោបានថ្លែងថា មុននេះស៊ីម៉ង់តិ៍នាំចូលពីបរទេសទាំងអស់ តែបច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ខ្លួនឯងរហូតដល់ទៅ៤ ដែលអាចផលិតបានប្រមាណ៧លានតោនក្នុងមួយឆ្នាំ។ តែតម្រូវការប្រើប្រាស់ស៊ីម៉ង់តិ៍ក៏មានច្រើនផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកទឹកចិត្តឲ្យធ្វើលំនៅឋាន និងសំណង់ផ្សេងៗដោយប្រើដែក និងស៊ីម៉ង់តិ៍ គឺជាការរួមចំណែកទប់ស្កាត់និន្នាការកាប់ឈើធ្វើលំនៅឋានផងដែរ។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា និន្នាការនៃការធ្វើផ្លូវពីស៊ីម៉ង់តិ៍នៅកម្ពុជា ក៏មានច្រើនផងដែរ ដូច្នេះវត្តមានរោងចក្រនេះ គឺជាការឆ្លើយតបមួយដ៏ល្អ។
* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ការផលិតស៊ីម៉ង់តិ៍ដោយខ្លួនឯងនេះ គឺសន្សំបានយ៉ាងច្រើននូវរូបិយបណ្ណ ដែលមិនត្រូវបានយកទៅដូរជាស៊ីម៉ង់តិ៍។
* សម្តេចតេជោបានលើកឡើងថា មានអ្នកខ្លះបានតិះទៀនសម្តេចថា សូម្បីតែការផលិតក្បឿង និងឥដ្ឋក៏នាំចូលពីគេរដែរ, សម្តេចចោទសួរថា ការផលិតក្បឿង និងឥដ្ឋមួយឡតើត្រូវចំណាយឈើអស់ប៉ុន្មាន គ្រាដែលកម្ពុជាមិនទាន់ មានបច្ចេកទំនើបក្នុងការផលិត។
* សម្តេចតេជោថ្លែងថា តែពេលបច្ចុប្បន្នកម្ពុជាមានបច្ចេកទេសទំនើប ក្នុងការផលិតក្បឿង ឬឥដ្ឋ ដែលមិនតម្រូវឲ្យទៅកាប់ឈើ មកដុតសម្រាប់ធ្វើក្បឿង និងឥដ្ឋដូចពីអតីតកាល នាំឲ្យហិនហោចព្រៃឈើនោះទេ។
* សម្តេចនាយករដ្ឋមន្ត្រី បានហៅអ្នករិះគន់សម្តេចលើបញ្ហានេះ គឺគ្រាន់តែជាអ្នកដែលមើលតែឈើមួយដើម មិនមើលទៅលើព្រៃទាំងមូលនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្របច្ចុប្បន្នប្រហែលជាមិនអាចឆ្លើយតប នឹងនិន្នាការប្រើប្រាស់ស៊ីម៉ងតិ៍ នាពេលបច្ចុប្បន្នបាននោះទេ ដូច្នេះសម្តេចស្នើឲ្យមានការពិចារណា បង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍បន្ថែម។
* សម្តេចតេជោថ្លែងថា បច្ចុប្បន្នមានភ្នំមួយឈ្មោះថា ភ្នំតាទុង ដែលក្រុមហ៊ុនឯកជនមួយ យកទៅរក្សាទុកមិនទាន់ បានប្រើប្រាស់ឲ្យអស់សក្តានុពលរបស់ភ្នំនោះនៅឡើយទេ ដូច្នេះសម្តេចស្នើឲ្យ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ត្រូវពិនិត្យដកហូតភ្នំនោះ ទៅឲ្យក្រុមហ៊ុនផ្សេងទៀតវិនិយោគជំនួសវិញ។
* សម្តេចតេជោបានថ្លែងថា សម្តេចរីករាយខ្លាំងណាស់ ដែលក្នុងអាណត្តិទី៥ជិតបញ្ចប់នេះ រាជរដ្ឋាភិបាលបានកសាងសមិទ្ធិផលយ៉ាងច្រើន ទាំងក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីប្រទេសមិនទាន់រីកចម្រើន វិស័យកសិកម្មគ្រប់ដណ្តប់ប្រមាណ៨០ភាគរយ តែវិស័យកសិកម្មធំ នាពេលនោះប្រជាពលរដ្ឋខ្វះស្បៀងអាហារ។ តែបច្ចុប្បន្នវិស័យកសិកម្ម បានធ្លាក់មកនៅ២៥ភាគរយ ខណៈវិស័យឧស្សាហកម្មគ្របដណ្តប់កាន់តែធំ។
* សម្តេចតេជោបានចោទសួរថា ហេតុអ្វីបានជាកម្ពុជា អាចធ្វើរោងចក្រស៊ីម៉ង់តិ៍នៅក្នុងស្រុករតនៈមណ្ឌលបាន? សម្តេចតេជោ បានបញ្ជាក់ថា ឆ្នាំ២០១៨នេះ ជាខួបនៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចផ្ទាល់។
* មុនឈានដល់ការអនុវត្តន៍នយោបាយឈ្នះឈ្នះ សម្តេចតេជោបញ្ជាក់ថា នយោបាយពីរសម្តេចបានដាក់ចេញ ទី១.ប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារ និងអភិវឌ្ឍន៍ និងទី២.ប្រែក្លាយតំបន់ជាមួយប្រទេសជិតខាងទាំងអស់ ទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
* សម្តេចតេជោបានរំលឹកថា នៅស្រុករតនៈមណ្ឌលនេះ គឺជាតំបន់សម្លាប់ភូមិសាស្ត្រ គឺកន្លែងចំការមីន តែបច្ចុប្បន្នអតីតតំបន់សមរភូមិប្រយុទ្ធទាំអស់ បានក្លាយទៅជាតំបន់អភិវឌ្ឍន៍ លើកលែងតែតំបន់ខ្លះដោះមីនមិនទាន់អស់។
* សម្តេចតេជោបានថ្លែងថា ដីដែលធ្លាប់រត់ចោលក្នុងឆ្នាំ៧០ របប ប៉ុល ពត និងសង្គ្រាមជាបន្តបន្ទាប់ បានក្លាយទៅជាកន្លែងរស់នៅ និងមានការកាប់រុករានបន្ថែមទៀតផង។
* សម្តេចតេជោបានថ្លែងថា អតីតរបស់កម្ពុជា មិនដែលមានរដ្ឋាភិបាលណាគ្រប់គ្រង បានដែនដីទាំងមូលនោះទេ ពោលរហូតដល់ឆ្នាំ១៩៩៨ ទើបកម្ពុជាមានការរួបរួមក្លាយជាប្រទេសមួយ មានព្រះមហាក្សត្រតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយ និងមានតំបន់ត្រួតត្រាតែមួយ។
* សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ក្រៅពីការបញ្ចប់សង្គ្រាមផ្ទៃក្នុងហើយនោះ កម្ពុជាក៏បានដាក់នយោបាយឈ្នះឈ្នះ សាងសន្តិភាពតាមបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង។
* សម្តេចតេជោបានថ្លែងថា សម្តេចបានសម្រេចមួយជំហ៊ានធំ ក្នុងការប្រែក្លាយតំបន់សមរភូមិទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ ហើយក៏បានសម្រេចមួយជំហ៊ាន ក្នុងការឈានទៅបង្កើតខ្សែព្រំដែន សន្តិភាពជាមួយប្រទេសជិតខាង។
* សម្តេចតេជោបានថ្លែងថា គ្មានជម្រើសណាមួយល្អជាង ការប្រើនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាមផ្ទៃក្នុងនោះទេ។
* សម្តេចតេជោបានលើកឡើងថា ការឈានទៅផ្តួលរំលំរបបខ្មែរក្រហមទាំងស្រុង គឺលំបាកណាស់ ព្រោះពេលនោះមានតែកងទ័ពពីរកងពលប៉ុណ្ណោះធ្វើការប៉ះបោរ គឺកងពលនៅប៉ៃលិនរបស់លោក អ៉ី ឈាន និងកងពលនៅម៉ាឡៃ របស់លោក សុខ ភាព។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គោលការណ៍នៃការអនុវត្តន៍ នយោបាយឈ្នះឈ្នះ មានតែ៣ចំណុចតែប៉ុណ្ណោះ រួមមាន៖១. ធានាអាយុជីវិត និងរូបកាយរបស់ទាហានខ្មែរក្រហមដែលផ្តាច់ខ្លួន, ២. ធានាអាជីព និងមុខរបរ និងទី៣. ទទួលស្គាល់លើកម្មសិទ្ធិទ្រព្យសម្បត្តិ។
* សម្តេចតេជោ បានបន្ថែមថា គោលការណ៍ទាំង៣ចំណុច គឺចុះហត្ថលេខាដោយសម្តេចតែម្នាក់ឯងប៉ុណ្ណោះ ព្រោះពេលនោះមិនមានការឯកភាពក្នុង។ គោលការណ៍៣ចំណុចនេះហើយ ដែលនាំឲ្យកម្ពុជាមានការឯកភាពជាតិ និងរួបរួមជាតិទាំងស្រុងក្នុងប្រទេសកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ៩០ តួនាទី មុខតំណែង និងជីវភាពរបស់សម្តេចមិនមានអ្វីលំបាក ដែលគួរឲ្យសម្តេចប្រថុយប្រថានជីវិត ចូលទៅចរចាជាមួយខ្មែរក្រហមនោះទេ។ សម្តេចបានចោទសួរថា បើគ្មានការប្រថុយជីវិតរបស់សម្តេច ចូលទៅក្នុងជំរុំខ្មែរក្រហមទេ តើអាចរកសុខសន្តិភាពបានទេ?
* សម្តេចតេជោបានរំលឹកថា បើមិនមានការសម្រេចចិត្តផ្ទុះអាវុធនៅថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ទេ ខ្មែរក្រហមនឹងគ្រប់គ្រងរាជធានីភ្នំពេញ ព្រោះកាលនោះខ្មែរក្រហមយកទាហាន ពីសំឡូតជាច្រើននាក់ ចូលទៅរាជធានីភ្នំពេញ។
* សម្តេចតេជោបានថ្លែងថា ការបង្រួបបង្រួមជាតិ និងស្វែងរកសុខសន្តិភាព របស់សម្តេចបានរយៈពេល២០ឆ្នាំហើយ ខណៈដែលអតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានត្រឹមរយៈពេលជាង១០ឆ្នាំប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ជនរួមជាតិទាំងអស់ ដែលបានគាំទ្រ ចំពោះនយោបាយឈ្នះឈ្នះរបស់សម្តេច។ សម្តេចបានរំលឹកប្រជាពលរដ្ឋថា អ្វីដែលកម្ពុជាមាននាពេលបច្ចុប្បន្ននេះ ដោយសារតែកម្ពុជាមានសុខសន្តិភាព។
* សម្តេចតេជោបានថ្លែងថា គណបក្សប្រជាជនកម្ពុជាមានតួនាទីស្នូល ក្នុងការថែរក្សាសុខសន្តិភាព។ សម្តេចបានថ្លែងទៅកាន់ប្រជាជនថា ត្រូវប្រឹងថែរក្សាអ្វីដែលមាននៅក្នុងដៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបោះបង់ការបោះឆ្នោត គឺជាការបោះបង់សិទ្ធិរបស់ខ្លួនឯង។
* សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា អ្នកដែលមិនទៅបោះឆ្នោត ហើយយកទឹកលាបថ្នាំសក់មកលាបដៃ គឺជាការបង្កើតទោសព្រហ្មទណ្ឌដោយខ្លួនឯង។
* សម្តេចតេជោ ហ៊ុន សែន បានហៅលោក សម រង្ស៊ី ថា ជាអ្នកមនុស្សមានក្រយ៉ៅរត់រកគុក។
* សម្តេចប្រមុខរាជរដ្ឋាភិបាលថា ការមិនទៅបោះឆ្នោតមិនខុសទាស់ទេ ប៉ុន្តែអ្នកដែលយកទឹកថ្នាំលាប សក់មកជ្រលក់ដៃដើម្បីបំភ័ន្តសាធារណៈមតិនឹងត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌ។
* សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់អគារសិក្សាដល់វិទ្យាល័យស្តៅ១ខ្នង ៣ជាន់ ១៨បន្ទប់ ទីចាត់ និងបណ្ណាល័យ ១ខ្នង ៣បន្ទប់ កន្លែងស្នាក់នៅរបស់គ្រូ និងសិស្សមួយខ្នង២ជាន់ ១០បន្ទប់ ហើយចាក់ផ្លូវបេតុងនៅក្នុងសាលា និងទិលានកីឡាគ្រប់ប្រភេទ និង វិទ្យាល័យហ៊ុនសែន ត្រែង អគារសិក្សា ១ខ្នង ៣ជាន់ ១៨បន្ទប់ ទីចាត់ ១ខ្នង ៣បន្ទប់ កន្លែងស្នាក់នៅរបស់គ្រូ និងសិស្សមួយខ្នង ២ជាន់១០បន្ទប់ ហើយចាក់ផ្លូវបេតុងនៅក្នុងសាលា និងទិលានកីឡាគ្រប់ប្រភេទ។
* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង៩៖២៧នាទីព្រឹក។ សូមអរគុណសម្រាប់ការចំណាយពេលដ៏ មានតម្លៃក្នុងការទស្សនា៕