(កំពង់ចាម)៖ ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានចាត់ឲ្យក្រុមការងារយកអំណោយប្រគល់ជូន អតីតយុទ្ធជនពិការ និងមានជីវភាពក្រលំបាក ហើយជួបគ្រោះថ្នាក់ធ្លាក់ពីលើដើមឈើបណ្ដាលឲ្យរងរបួស។
អតីតយុទ្ធជនដែលរងគ្រោះថ្នាក់ ឈ្មោះ កេត លីម ភេទប្រុស មុខសញ្ញា ប្រភេទពិការ រស់នៅភូមិព្រែកអណ្ដូង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានប្រធានសមាគមអតីតយុទ្ធជនស្រុកកងមាស និងក្រុមការងារបានចុះសួរសុខទុក្ខ ក្រោយជួបគ្រោះថ្នាក់ធ្លាក់ពីលើដើមឈើបណ្ដាឲ្យ បាក់កដៃខាងឆ្វេង និងរបួសខ្នងនិងចង្កេះងើបមិនរួច។
អំណោយដែលយកទៅប្រគល់ជូននោះរួមមាន ថវិការបស់លោកប្រធានសមាគមខេត្តកំពង់ចាម, យោធាស្រុក, លោកមេឃុំព្រែកក្របៅ, ព្រះចៅអធិការវត្ត ព្រមទាំងសម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគមួយចំនួនទៀតដែលបានពីសប្បុរសជន៕