(បាត់ដំបង)៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

លោក យស មុនីរ៉ាត់ អគ្គនាយកធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន ត្រូវបានសង់នៅលើទីតាំងដែលមានផ្ទៃដីសរុបទំហំ ៣១៦ហិកតា និងប្រើរយៈពេលសាងសង់ចំនួន ១៨ខែ គិតចាប់តាំងពីចុងឆ្នាំ២០១៦។ ការបង្កើតរោងចក្រនេះ ប្រើទុនវិនិយោគប្រមាណ ២៣០លានដុល្លារអាមេរិក ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Conch International Holding (HK) Limited និងក្រុមហ៊ុន Battambang KT Cement Co.,Ltd តំណាងដោយអ្នកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកឧកញ៉ា វិញ ហួរ។

លោក យស មុនីរ៉ាត់ បានឲ្យដឹងទៀតថា រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីតធីត គឺជារោងចក្រដ៏ធំមួយដែលមានបច្ចេកវិទ្យាទំនើប មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ៥,០០០ តោនក្នុងមួយថ្ងៃ ឬស្មើនឹងជិត ២លានតោនក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះ នឹងផលិតស៊ីម៉ងត៍ចំនួនពីរប្រភេទ គឺនិមិត្តិសញ្ញាខនស៍ ពណ៌ក្រហម និងខនស៍ ពណ៌ខៀវ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

សូមបញ្ជាក់ថា នៅកម្ពុជាសព្វថ្ងៃមានរោងចក្រស៊ីម៉ងត៍ចំនួន៤ កំពុងដំណើរការ ដែលមានសមត្ថភាពផលិតសរុបប្រមាណជិត ៧លានតោនក្នុងមួយឆ្នាំ។ រោងចក្រទាំង៤នោះរួមមាន៖

១. រោងចក្រកំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

២. រោងចក្រស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លានតោនក្នុងមួយឆ្នាំ។

៣. រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ ហើយដែលបានដាក់ឲ្យដំណើរការជាផ្លូវការ កាលពីខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ។

រីឯរោងចក្រទី៤ គឺរោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត ដែលសម្ពោធដាក់ឲ្យដំណើរការផលិតស៊ីម៉ងត៍ជាផ្លូវការនៅព្រឹកថ្ងៃនេះ៕