(ភ្នំពេញ)៖ ពាក់ព័ន្ធសំណុំរឿងថៅកែស្រីកំណាច ដែលបានធ្វើទារណ្ឌកម្មយ៉ាងព្រៃផ្សៃលើកុមារីអាយុ១៦នោះ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ម៉ាក់ នី នារសៀលថ្ងៃទី៣០ ខែឧសភានេះ បានសម្រេចចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយទទួលនូវបទចោទប្រកាន់រួចហើយ ជនជាប់ចោទត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសម្រេចជោគវាសនាថានឹងត្រូវដាក់ពន្ធនាគារ ឬយ៉ាងណា បើត្រូវជាប់ពន្ធនាគារ ស្ត្រីកំណាចរូបនេះអាចនឹងជាប់គុកពី ២-៥ឆ្នាំ។
សំណុំរឿងដ៏មានប្រជាប្រិយភាពនេះ បាននិងកំពុងល្បីសុះសាយពាសពេញបណ្ដាញសង្គមផងដែរ។ ថៅកែចិត្តកំណាចរូបនេះមានឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់នៅផ្ទះកើតហេតុ។ បើតាមអ្នកក្បែរខាងថា ជាជនជាតិវៀតណាម កាត់ចិន មានប្តីឈ្មោះ សុខ ទី អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ មានកូនស្រីម្នាក់ក្នុងបន្ទុក។
ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើរយៈពេល៤ឆ្នាំហើយ ជាអ្នកធ្វើការងារផ្ទះ មានស្រុកកំណើតភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្មេងស្រីរងគ្រោះ មានបងប្អូន៩នាក់ ប្រុស៤នាក់ ស្រី៥នាក់ នាងជាកូនទី៨ មានឪពុក ឈ្មោះ ជា សួ អាយុ៦៨ឆ្នាំ ឈឺនៅកន្ទេល មានម្តាយឈ្មោះ ឡេ ឡាយ អាយុ៦៥ឆ្នាំ មុខរបរលក់បន្លែ។
តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ ទាំងទឹកភ្នែក ក្នុងអារម្មណ៍ភ័រញ័រ ប្រាប់នៅចំពោះមុខសមត្ថកិច្ចថា គាត់ត្រូវបានស្រ្តីខាងលើ យកមកឲ្យធ្វើការងារ តាំងពីអាយុ១២ឆ្នាំមកម្ល៉េះ ធ្វើជាកូនឈ្នួលបម្រើ ផ្ទះខាងលើរហូតមកដល់ពេលនេះ អស់រយៈពេល៤ឆ្នាំហើយ។ ស្រ្តីម្ចាស់ផ្ទះ បង្ខំឲ្យធ្វើការងារតាំងពីព្រឹកទល់យប់ បើធ្វើមិនទាន់ប្រដាប់ដោយដែក វាយពេញរាងកាយក្បាល ជូនយកម្ជុលដេប៉ាក់ មកចាក់លើរាងកាយក្នុង១ថ្ងៃ ឲ្យហូបបាយ២ពេល ពេលព្រឹក និងពេលល្ងាច ថ្ងៃត្រង់បន្តឲ្យធ្វើការងារ។
ក្មេងស្រីរងគ្រោះ បានបន្តទៀតថា មកស្នាក់នៅធ្វើការដំបូង បានប្រាក់ឈ្នួល៦០ដុល្លាក្នុង១ខែ ទើបតែ១ឆ្នាំមកនេះ បាន១០០ដុល្លាក្នុង១ខែ ហើយខែថ្មីៗនេះ ម្តាយនាងមានការខ្វះខាត ថវិកា ទិញថ្នាំព្យាបាលឪពុក បានសុំខ្ចីលុយ១០០ដុល្លារមុន។ ហើយអ្វីជាងនេះទៅទៀត ម្ចាស់ផ្ទះដាក់បំរាមមិនឲ្យនិយាយរឿង ធ្វើទារុណកម្ម រាងកាយ ប្រាប់អ្នកជិតខាង ឬប្រាប់ដំណឹងដល់ក្រុមគ្រួសារនៅឯស្រុកឡើយ មិនអនុញ្ញាតឲ្យជួបនិយាយជាមួយម្តាយតាមទូរស័ព្ទទៀតផង។
ករណីខាងលើក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ត្រូវបានស្រ្តីខាងលើឡូឡា រករឿងទាំងអ្នកជិតខាង គំរាមវាយស្រ្តីម្នាក់នៅក្បែរនោះ ដែលជួយឈឺឆ្អាលរឿងខាងលើ។
ក្រោយពីមានការបំភ្លឺពីក្មេងរងគ្រោះ សមត្ថកិច្ចហៅនាំខ្លួនស្រ្តីសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ និងផ្អែកលើភស្តុតាង ស្លាកស្នាម ជាំ របួស ពេញខ្លួន ក្បាល ដៃ ជើង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី៕