(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរុញកំណើនសេដ្ឋកិច្ច ឲ្យកាន់តែលូតលាស់ទ្វេឡើង។
ការលើកឡើងបែបនេះ របស់ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ធ្វើឡើងនាឱកាសដែលលោកស្រី អញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបើកសម្ពោធក្រុមហ៊ុន Cheng Fung Invetment នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ។
ក្រុមហ៊ុន Cheng Fung Invetment ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលផ្ដល់ប្រឹក្សាវិនិយោគក្នុងប្រទេសកម្ពុជា ដោយមានការទទួលស្គាល់ ពីក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ។ ក្រុមហ៊ុន Cheng Fung Invetment មានគោលដៅជំរុញការវិនិយោគគ្រប់ទម្រង់ និងគ្រប់ខេត្តក្រុង ទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយមានទទួលការប្រឹក្សា និងជំរុញការវិនិយោគ ដោយឈរលើភាពស្មោះត្រង់ និងសុចរិតភាព ដើម្បីកសាងការទំនាក់ទំនងដ៏យូរអង្វែង ជាមួយដៃគូអាជីវកម្ម។
ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យមប្រមាណ៧% ជាប់ៗគ្នា ដែលនាំឲ្យចំណូលរបស់ប្រជាជន មានការកើនឡើង និងមានជីវភាពកាន់តែធូធារផងដែរ។ ដោយឡែកក្នុង រាជធានីភ្នំពេញ ដែលជាកន្លែង ប្រជុំជនកំពុងតែ រីកលូតលាស់ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងមានសកម្មភាពអាជីវកម្មយ៉ាងមមាញឹក ជាក់ស្តែងដូចអ្នកទាំងអស់គ្នាឃើញច្បាស់នឹងភ្នែកស្រាប់ហើយថា មានរមណីយដ្ឋាន, សណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញគ្រប់មុខ, ផ្សារទំនើប, សំណង់ធំៗ ជាពិសេសអគារខ្ពស់ៗ បុរីគេហដ្ឋានថ្មីៗ កំពុងរីកដុះដាលដូចផ្សិត។
លោកស្រីបន្ដថា ការបង្កើតក្រុមហ៊ុន Cheng Fung Invetment នឹងរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការផ្តល់ប្រឹក្សា រកដៃគូ និងណែនាំ ជូនអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក ឱ្យចាប់ផ្តើមធ្វើអាជីវកម្មដោយជោគជ័យ លើវិស័យជាច្រើនដែលមានសក្កានុពលនៅកម្ពុជា ជាពិសេស វិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ និងទេសចរណ៍។ លើសពីនេះទៀតក្រុមហ៊ុន មិនត្រឹមតែជួយទាក់ទាញ ទុនវិនិយោគពីបរទេស និងទាក់ទាញទេសចរ មកទស្សនាកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយបង្កើន ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជាច្រើន ជាពិសេសប្រទេសចិន ឱ្យកាន់តែរឹងមាំថែមទៀត។
លោកស្រីបន្ថែមថា ក្រុមហ៊ុនថ្មីនេះ ត្រូវបានបង្កើតឡើងចំពេលដែលកម្ពុជា កំពុងតែមានការទាក់ទាញ ផ្នែកពាណិជ្ជកម្ម និងវិនិយោគផ្ទាល់ពីបរទេស ដោយសារប្រទេសនេះ មានស្ថិរភាពនយោបាយល្អ ស្ថានភាពផ្នែកសេដ្ឋកិច្ចរស់រវើក និងមានគោលនយោបាយ គាំទ្រដល់អាជីវកម្មឯកជន។
លោកស្រី ប៊ុត កេរ៉ាតឌី អគ្គនាយិកាក្រុមហ៊ុន Cheng Fung Invetment ឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនសម្រេចិត្តវិនិយោគនៅកម្ពុជា ព្រោះសំលឹងឃើញថា កម្ពុជាជាប្រទេសមានសុខសន្ដិភាព និងជាគោដៅទេសចរណ៍ ដ៏ទាក់ទាញមួយនៅអាស៊ីអាគ្នេយ៍ និងពិភពលោកខណៈដែលសេដ្ឋកិច្ចកម្ពុជា បានកំពុងរីកចម្រើនទៅមុខផងដែរ៕