(ភ្នំពេញ)៖ ក្រុមអត្តពលិកខេត្តរតនគិរី ដែលជាខេត្តមួយ ក្នុងចំណោម ៤ខេត្ត មិនទាន់ដណ្ដើមបានមេដាយក្នុងការប្រកួតកីឡាជាតិ លើកទី២ អស់រយៈពេល ៥ថ្ងៃកន្លងទៅ គិតត្រឹមថ្ងៃទី៣០ ខែឧសភានេះ ពួកគេដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងហើយ ដែលរកបានដោយក្រុមកីឡាប៉េតង់ លើវិញ្ញាសាផ្នែកនារី ៣នាក់ទល់នឹង ៣នាក់ បន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់មេដាយប្រាក់ខេត្តតាកែវ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
យ៉ាងណាមិញអត្តពលិកខេត្តចំនួន ៣ នៅតែបន្ដគ្មានមេដាយដដែល រួមមានខេត្តប៉ៃលិន ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ស្របពេលក្រុមអត្តពលិកក្រសួងមហាផ្ទៃ បានបង្កើនមេដាយកាន់តែច្រើន ដើម្បីរក្សាកៅអីកំពូលតារាងមេដាយបណ្ដោះអាសន្ន គិតត្រឹមថ្ងៃទី៣០ ខែឧសភានេះ ដោយដណ្ដើមបានមេដាយសរុប ៦២គ្រឿង គឺមានមេដាយមាស ៣១, ប្រាក់ ១៧ និងសំរឹទ្ធ ១៤ ហើយក្រុមអត្តពលិករាជធានីភ្នំពេញ នៅតែបន្ដដេញតាមក្រោយជាមួយនឹងការដណ្ដើមបានមេដាយសរុប ៦១គ្រឿងមានមេដាយមាស ២៥, ប្រាក់ ២០ និងសំរឹទ្ធ ១៦ ។
គួរបញ្ជាក់ថា ឈានមកដល់ថ្ងៃពុធនេះ ការប្រកួតកីឡាជាតិ លើកទី២ បានដំណើរការអស់រយៈពេល ៦ថ្ងៃមកហើយ ខណៈកីឡាចំនួន ៩ប្រភេទ បានបញ្ចប់ការប្រកួតទាំងស្រុងហើយ រួមមានកីឡាហែលទឹក, វាយសី, តេក្វាន់ដូ ITF, យូដូ, វាយកូនបាល់, ចំបាប់, វ៉ូវីណាម, សីដក់ និងកីឡាប៉េតង់ ដែលទើបបញ្ចប់កាលពីព្រឹកមិញ ។ យ៉ាងណាមិញមហាព្រឹត្តិការណ៍កីឡាជាតិ ២ឆ្នាំម្ដងនេះ នៅមិនទាន់បញ្ចប់នោះទេ ដោយកីឡា ១៨ប្រភេទទៀត នឹងបន្ដការប្រកួត រហូតដល់ថ្ងៃទី០៤ ខែមិថុនាខាងមុខ ដែលជាថ្ងៃប្រារព្ធពិធីបិទការប្រកួតផ្លូវការតែម្ដង ។
ខាងក្រោមនេះ គឺជាតារាងមេដាយកីឡាជាតិ លើកទី២ គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨៖