(ភ្នំពេញ)៖ បញ្ជីក្បាលដីរបស់ប្រជាពលរដ្ឋប្រមាណ១១៥គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ២៤៥គ្រួសារ រស់នៅទីតាំងឧបភោគបរិភោគ ស្ថិតក្នុងក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ បានមកដល់ហើយ ប្រហែលជាមិនយូរទៀតទេ ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ នឹងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ស្របច្បាប់មកប្រើប្រាស់តាមតម្រូវការមិនខានឡើយ។
លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងមន្ត្រីពាក់ព័ន្ធ ជាពិសេសលោក ប៊ុន ឡុង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ បានចំណាយពេលវេលា ក្នុងការចុះវាស់វែងកំណត់ព្រំ និងសម្រង់ទិន្នន័យឲ្យបានច្បាស់លាស់ជាផ្លូវការ ជាច្រើនខែមកហើយ រហូតឈានដល់ការជូនដំណឹង ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ផែនទីក្បាលដី គំនូសបង្ហាញទីតាំងក្បាលដី និងបញ្ជីឈ្មោះម្ចាស់ដី នៃប្លង់សុរិយោដី នៅក្នុងបរិវេណរយះពេល១៥ថ្ងៃ ដើម្បីពិនិត្យផ្ទៀងផ្ទាត់តវ៉ា ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨តទៅ ដោយរាប់គិតទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យផងដែរ។
តាងនាមឲ្យក្រុមការងារចុះបញ្ជីដីធ្លីរបស់ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌឬស្សីកែវ លោក ប៊ុន ឡុង បានថ្លែងថា ក្រោយពីរដ្ឋបាលខណ្ឌឬស្សីកែវ បានប្រកាសស្ដីពីការចុះវាស់វែងដីធ្លី តាមគោលការឯកភាពរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ស្ដីពីការប្រទានកម្មទីតាំងដី ដែលជាសម្បត្តិនៃបញ្ជីសារពើភណ្ឌរបស់រដ្ឋ បែងចែកជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្ដែង។
ក្រុមការងារការិយាល័យបានចុះវាស់វែង ប្រមូលទិន្នន័យក្បាលដី ដើម្បីធ្វើការបិទផ្សាយជាសាធារណៈ ជូនម្ចាស់ដីដើម្បីពិនិត្យផ្ទៀងផ្ទាត់តវ៉ា ដែលបានប្រមូលពីទីតាំងឧបភោគបរិភោគ មានចំនួនកំណត់ព្រំសរុប ២៤៥ក្បាលដី បានទទួលឯកសារដើម្បីវិនិឆ្ឆ័យចំនួន ១១៥ក្បាលដី មិនទាន់ទទួលឯកសារដើម្បីវិនិឆ្ឆ័យចំនួន១៣០ក្បាលដី និងមានក្បាលដីដែលវិវាទចំនួន១ករណី ស្មើ៣ក្បាល និងមួយចំនួនទៀត ដែលគ្មានទិន្នន័យបិទផ្សាយនេះ បណ្ដាលមកពីម្ចាស់ដីមិនបានចូលរួមផ្ដល់ព័ត៌មាន និងឯកសារ ជាពិសេសដោយសារតែ មានសហការល្អពីអាជ្ញាធរមូលដ្ឋាន ដែលបានបង្កលក្ខណៈងាយស្រួល ដល់ក្រុមការងាររាល់ការបំពេញភារកិច្ច ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និងមានការចូលរួមវាស់វែង ពីម្ចាស់ក្បាលដីលើស៨៥% ក្នុងការជម្រុញឲ្យក្រុមការងារ ចុះបញ្ជីដីធ្លីទទួលបានលទ្ធផលជាវិជ្ជមាន។
ជាមួយគ្នានោះ លោក ជា ពិសី បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើប្រទានកម្មដីឯកជនរបស់រដ្ឋ ដីសាធារណៈរបស់រដ្ឋ ជូនប្រជាពលរដ្ឋ លោកសូមសំណូមពរកុំជឿតាមការឃោសនាញុះញង់ ឲ្យមានការយល់ខុស មកលើគណបក្សប្រជាជនកម្ពុជា ផ្ទុយទៅវិញម្ចាស់ឆ្នោតគ្រប់ៗគ្នា ត្រូវចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ជាលេខចុងក្រោយគេ ហើយក៍ជាលេខគាប់ជួនខួប២០ឆ្នាំ នៃការដែលកម្ពុជាត្រូវបានបិទបញ្ចប់សង្គ្រាមទាំងស្រុងកាលពី២០ឆ្នាំមុន ពីព្រោះមានតែគណបក្ស ប្រជាជនកម្ពុជាទេ ដែលអាចបន្តដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យបាន៕