(ភ្នំពេញ)៖ លោក Gao Yunlong អនុប្រធានគណៈកម្មការជាតិសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានសហព័ន្ធឧស្សាហកម្ម-ពាណិជ្ជកម្មចិន បានលើកឡើងថា អ្នកវិនិយោគមកពីក្រុមហ៊ុនធំៗរបស់ចិនជាច្រើន កំពុងពិនិត្យ និងសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា បន្ទាប់ពីបានឃើញសេដ្ឋកិច្ចកម្ពុជាកំពុងមានសន្ទុះ។
លោក Gao Yunlong បានថ្លែងដូច្នេះក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅវិមានសន្តិភាពនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ។
ក្នុងជំនួបនោះ លោក Gao Yunlong បានជំរាបជូនសម្តេចតេជោថា នេះជាលើកទី១ហើយដែលលោកមកកាន់កម្ពុជា ហើយបានពិនិត្យឃើញថា កម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំង។ ជាពិសេសប្រជាជនកម្ពុជា ក៏មានមុខមាត់ស្រស់ថ្លា ដែលឆ្លុះបញ្ចាំងពីអនាគតភ្លឺថ្លារបស់កម្ពុជា។
លោក បានបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ គឺដើម្បីអនុវត្តតាមនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ដែលក្នុងនោះកម្ពុជាជាប្រទេសសំខាន់ ប្រទេសពិសេស និងជាប្រទេសរួមវាសនាតែមួយ។
លោក Gao Yunlong បានបន្តថា សហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្មចិន គឺជាស្ថាប័នមួយដែលដើរតួជាស្ពានបម្រើដល់ស្ថាប័នចំនួន ៤៧០ស្ថាប័ន និងក្រុមហ៊ុនចំនួន២៧លានក្រុមហ៊ុន ដើម្បីស្ថាប័ន និងក្រុមហ៊ុនទាំងនោះធ្វើការវិនិយោគ និងបំពេញការងារខ្លួនឯងទាំងនៅក្នុងស្រុក និងក្រៅស្រុក។ មានន័យថា សហព័ន្ធមានតួនាទីសម្របសម្រួល និងជួយជំរុញការវិនិយោគ និងការធ្វើការរបស់ក្រុមហ៊ុនផងដែរ។
បើតាមលោក Gao Yunlong ក្នុងដំណើរមកកាន់កម្ពុជាលើកនេះ លោកបានជួបពិភាក្សាជាមួយលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងបានពិនិត្យឃើញថាកម្ពុជាមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះអ្នកវិនិយោគធំៗទាំងអស់ដែលរួមដំណើរជាមួយលោក Gao Yunlong។ សម្តេចតេជោ បានបញ្ជាក់ជូនប្រតិភូទាំងមូលថា កម្ពុជា និងចិន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយគោរពស្រលាញ់ និងទុកចិត្តគ្នាជាទីបំផុត ហើយក៏ជាអ្នកជិតខាងដ៏ល្អផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់តាមរយៈទំនាក់ទំនងនេះ គឺជាមូលដ្ឋានក្នុងការជំរុញឲ្យទទួលបានជោគជ័យលើនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រធានាធិបតី ហ្ស៊ី ជិនពីង នៅលើទឹកដីកម្ពុជា៕