(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី៣០ ខែឧសភានេះ បានចេញមកទាត់ចោល នូវការលើកឡើងរបស់ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ដែលកំពុងដើរភូតភរ បោកប្រាស់ប្រជាពលរដ្ឋនៅបរទេស ព្រោះតែបក្សខ្លួនត្រូវបានរលាយ និងមិនអាចូលរួមការបោះឆ្នោតបាន។
ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍ពិសេសរវាងបណ្តាញព័ត៌មាន Fresh News ជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតប្រមុខការបរទេសកម្ពុជា ពាក់ព័ន្ធករណីទណ្ឌិត សម រង្ស៊ី បន្តដើរភូតកុហក បោកប្រាស់ ប្រជាពលរដ្ឋនៅបរទេស ជុំវិញការបោះឆ្នោតនៅកម្ពុជា៖
Fresh News: តាមព័ត៌មានថ្ងៃនេះ ទណ្ឌិត សម រង្ស៊ី បាននិយាយថា សភាពការកម្ពុជាសព្វថ្ងៃនេះ គឺល្អណាស់ ដោយសារអត់មានគណបក្សសង្គ្រោះជាតិ ចូលរួមបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ តើលោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង យល់យ៉ាណា?
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ ខ្ញុំយល់ថា សភាពការនយោបាយកម្ពុជាល្អមែន ដោយសារអត់មានគណបក្សក្បត់ជាតិ ដោយអត់មានគណបក្សប៉ុនប៉ងធ្វើបដិវត្តពណ៌ នាំសង្គ្រាម នាំភាពច្របូកច្របល់ ក្នុងការបំផ្លាញជាតិចូលរួមបោះឆ្នោត ហើយមានគណបក្សតែ២០ ចូលរួមការបោះឆ្នោត ដូច្នេះលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា នៅតែជានយោបាយដ៏រឹងមាំរបស់កម្ពុជា។
Fresh News: ទណ្ឌិត សម រង្ស៊ី បាននិយាយទៀតថា លទ្ធផលការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ អត់មានអ្នកណាទទួលស្គាល់ទេ ហើយរបបភ្នំពេញសព្វថ្ងៃនេះ នឹងត្រូវចប់ហើយ គ្មានប្រទេសណាផ្ដល់ជំនួយ គ្មានការវិនិយោគជាដើម?
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ ទណ្ឌិត សម រង្ស៊ី សព្វថ្ងៃកំពុងតែស្រមើស្រមៃ រកអ្វីដែលខ្លួនចង់បាន ដើម្បីលួងលោមបោកប្រាស់ បងប្អូនខ្មែរយើងនៅបរទេស។ នេះមានពាក្យប្រជាប្រិយបរទេស គេហៅថា «នេះជាអំពើទុច្ចរិតបញ្ញា» ចំពោះបញ្ញវ័ន្ដ គេមិនឲ្យមានអំពើទុច្ចរិតបញ្ញា ដូច្នេះខ្ញុំយល់ឃើញថា ការស្រមើស្រមៃរបស់លោក សម រង្ស៊ី ថ្ងៃណាមួយ មិនយូរប៉ុន្មានក៏អស់មានអ្នកណាជឿហើយ ដោយសារសព្វថ្ងៃនេះបរទេសណា ក៏គេទទួលស្គាល់ថា ដោយសារមានសន្ដិភាព និងស្ថិរភាពនយោបាយ បាននាំឲ្យកម្ពុជាអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលគេតែងតែកោតសរសើរ ថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងសហគមន៍អន្ដរជាតិ ដោយសារជាង២ទស្សវត្សមកហើយ កំណើនសេដ្ឋកិច្ចខ្មែរយើង តែងតែនៅក្នុងរង្វង់៧ភាគរយ។
សភាពការណ៍ល្អមួយទៀត សព្វថ្ងៃនេះផ្ទុយនឹងលោក សម រង្ស៊ី ស្រមើស្រមៃ គឺដោយសារប្រជាជនសប្បាយរីករាយ ដោយសារមានសន្ដិភាពពេញលេញ ដោយសារមានការអភិវឌ្ឍន៍ ដែលគេមើលឃើញគ្រប់គ្នា។ ដូច្នេះការភូតកុហក ការបោកប្រាស់ របស់អតីតមេដឹកនាំបក្សប្រឆាំងនេះ ជាអំពើទុច្ចរិតបញ្ញា ដែលនឹងត្រូវចប់នៅពេលណាមួយ។
Fresh News៖ ទណ្ឌិត សម រង្ស៊ី ក៏បានសរសេរលិខិតថ្វាយព្រះមហាក្សត្រ សូមឲ្យព្រះមហាក្សត្រកុំធ្វើនេះ កុំធ្វើនោះ ត្រង់ចំណុចនេះ លោកឧបនាយករដ្ឋមន្ដ្រី យល់យ៉ាងណា ចំពោះលិខិតនេះ?
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ ខ្ញុំយល់ថានេះ ជាការប្រមាថព្រះចេស្ដាព្រះមហាក្សត្រ ដែលប្រជាជនជាង១៦លាននាក់ តែងតែគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។ នេះជាការព្រហើន ដែលយើងពុំអាចនឹកឃើញដល់ ដែលហ៊ានសរសេរលិខិតប្រដៅព្រះមហាក្សត្រ តាមការប៉ុនប៉ង ការស្រមើស្រមៃរបស់ខ្លួន។ តាមយល់នេះ ក៏ជាការកំហុសមួយដ៏ធ្ងន់ធ្ងរ បើយើងយកច្បាប់ការពារព្រះរាជបល្ល័ង ព្រះមហាក្សត្រ ដែលរដ្ឋសភា បានបោះឆ្នោតអនុម័តកន្លងមក៕