(ភ្នំពេញ)៖ ធនាគារពិភពលោក បានផ្តល់កម្ចីដែលមានការប្រាក់ទាប ៦០លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) និងផ្លូវជាតិលេខ៧ ពីថ្នល់ទទឹង ក្នុងខេត្តត្បូងឃ្មុំ (ផ្លូវជាតិលេខ១១) ទៅដល់ក្រុងក្រចេះ ដែលមានប្រវែងសរុប ២១៨គីឡូម៉ែត្រ។
នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើសេវាត្រួតពិនិត្យ និងគាំទ្រការអនុវត្ដគម្រោងកែលំអផ្លូវនេះ ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KOREA CONSUITANTS INTERNATIONAL (KCI) របស់កូរ៉េ ដែលដេញថ្លៃបានពីធានាគារពិភពលោក។
លោក ស៊ុន ចាន់ថុល បានថ្លែងក្រោយពេលចុះហត្ថលេខានេះ តាមរយៈថវិកាកំណាត់ផ្លូវជាតិទាំង២ខ្សែខាងលើ នឹងធ្វើការលើកកម្រិតផ្លូវពីកម្រាលកៅស៊ូប្រភេទ DBST នាពេលបច្ចុប្បន្ន ទៅជាកម្រាលកៅស៊ូ AC ហើយនឹងធ្វើការស្ថាបនាលូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងផងដែរ។
លោករដ្ឋមន្ត្រី បានឲ្យដឹងថា កំណាត់ផ្លូវទាំងពីរនេះ នឹងចំណាយសាងសង់ និងកែលំអឡើងវិញរយៈពេល១៨ខែ ហើយបន្តថែទាំរយៈពេល ៣៦ខែថែមទៀត សរុប ៥៤ខែ។ ការដ្ឋានស្តារ និងកែលំអរផ្លូវនេះចាប់ផ្តើមពីខែមេសា ឆ្នាំ២០១៨ រហូតដល់ ខែកញ្ញា ឆ្នាំ២០២២។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវទាំងពីរខ្សែនេះ ដើរតួនាសំខាន់ណាស់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ។ ដូច្នេះការកែលំអ និងស្តារឡើងវិញទាំងពីរនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចជាតិ៕