(ភ្នំពេញ)៖ បន្ទាប់បានត្រួតពិនិត្យលើឈ្មោះគណបក្ស អក្សរកាត់ និងស្លាកសញ្ញាសម្គាល់គណបក្សរៀងៗខ្លួន ដែលមានលើទម្រង់សន្លឹកឆ្នោតរួចហើយនោះ តំណាងគណបក្សនយោបាយទាំង២០ បានចុះហត្ថលេខាឯកភាព លើទម្រង់សន្លឹកឆ្នោតគំរូ ដែលរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាំងអស់គ្នា ប៉ុន្តែក៏មានសំណូមពរមួយចំនួនផងដែរ។
ការពិនិត្យទម្រង់សន្លឹកឆ្នោតខាងលើ ត្រូវបានធ្វើឡើងនាវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការ គ.ជ.ប ផ្ទាល់ ក្រោមវត្តមានលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។
ក្រឡោនរាងចតុកោណកែងរបស់គណបក្សនីមួយៗ ដែលមាននៅលើសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិថ្មីនេះ ត្រូវបានតម្រៀបជាជួរៗចំនួន២ជួរ (ពីលើដល់ក្រោម) មួយជួរៗមាន១០គណបក្ស ហើយក្នុងក្រឡោនចតុកោណកែងនីមួយៗ មានចុះលេខរៀងគណបក្ស ស្លាកសញ្ញាសម្គាល់គណបក្ស ប្រអប់រាងការ៉េសម្រាប់គូសសញ្ញាគាំទ្រ ឈ្មោះគណបក្ស និងនៅខាងក្រោមឈ្មោះគណបក្សបន្តិច មានសរសេរជាអក្សកាត់របស់គណបក្សនីមួយៗ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺប្រអប់រាងការ៉េសម្រាប់គូសសញ្ញាគាំទ្រ ត្រូវបានរំកិលពីខាងចុងនៃក្រឡោនចតុកោណកែង មកគៀកនឹងស្លាកសញ្ញាសម្គាល់គណបក្សវិញ។ ចំណុចនេះ ត្រូវបានលោក ឌឹម សុវណ្ណារុំ ពន្យល់ថា ខាងមន្ត្រីបច្ចេកទេស បានពន្យល់ប្រាប់សមាជិក គ.ជ.ប ថា សុំរំកិលប្រអប់រាងការ៉េសម្រាប់គូសសញ្ញា ពីខាងចុងក្រឡោនចតុកោណកែង មកដាក់គៀកនឹងស្លាកសញ្ញាសម្គាល់គណបក្សវិញ ហេតុផលគឺដោយសារ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ គណបក្សនយោបាយ ចូលរួមឈរឈ្មោះបោះឆ្នោតមានតែ៨គណបក្សទេ ប៉ុន្តែអាណត្តិថ្មីឆ្នាំ២០១៨នេះ មានរហូតដល់ទៅ២០គណបក្ស ប្រសិនបើដាក់ប្រអប់រាងការ៉េសម្រាប់គូសសញ្ញា នៅខាងចុងក្រឡោនចតុកោណកែងដដែល នោះអ្នកបោះឆ្នោតអាចនឹងគូសខុសពីគណបក្សដែលគាត់ចង់បោះឆ្នោតឲ្យ ដូច្នេះដើម្បីជៀសវាងការភ័ន្តច្រឡំ ទើបអ្នកជំនាញបានស្នើសុំ គ.ជ.ប ឲ្យកែប្រែបែបនេះ ហើយ គ.ជ.ប ក៏បានសម្រេចយ៉ាងដូច្នេះតាម។
អ្នកនាំពាក្យដដែលរូបនេះបានបន្តថា ទោះបីអ្នកបោះឆ្នោតមិនគូសលើប្រអប់រាងការ៉េ ដែលនៅជិតស្លាកសញ្ញាគណបក្សក៏ដោយ ឲ្យតែមានគូសសញ្ញាផ្សេងៗ ដូចជាសញ្ញាខ្វែង សញ្ញាបូក ឆូត សញ្ញាជាដើមនោះ ក៏ចាត់ទុកជាសន្លឹកឆ្នោតបានការដែរ ឲ្យតែស្ថិតក្នុងក្រឡោនចតុកោណកែងរបស់គណបក្សណាមួយ កុំឲ្យតែសញ្ញាទាំងនោះឆ្លងក្រឡោនទៅគណបក្សដទៃ។ លោកថា ធ្វើបែបនេះ គឺដើម្បីកាត់បន្ថយសន្លឹកឆ្នោតអត់បានការ។
មានតំណាងគណបក្សមួយចំនួន ដូចជាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានស្នើសុំឲ្យ គ.ជ.ប បោះសន្លឹកឆ្នោតដែលមានរូបសញ្ញាគណបក្សជាពណ៌ធម្មជាតិ ប៉ុន្តែលោក ឌឹម សុវណ្ណារុំ បានឆ្លើយតបទៅវិញថា ការបោះឆ្នោតសន្លឹកឆ្នោតពណ៌ គឺត្រូវចំណាយថវិកាច្រើនណាស់ ដូច្នេះ គ.ជ.ប មិនមានលទ្ធភាពធ្វើកិច្ចការនេះឡើយ។
ថ្វីដ្បិតមានការទាមទារ និងសំណូមពរពីគណបក្សមួយចំនួនក្ដី ក៏លោក ឌឹម សុវណ្ណារុំ នៅតែបញ្ជាក់ថា ការអនុវត្តការងារទាំងអស់របស់ គ.ជ.ប គឺស្របទៅនឹងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនានា ហើយរាល់ការទាមទារណាដែលប្រាសចាកនឹងច្បាប់ គ.ជ.ប មិនអាចអនុវត្តបានឡើយ ប៉ុន្តែចំពោះការទាមទារណាស្របនឹងច្បាប់ គ.ជ.ប មិនរុញរាក្នុងការបំពេញជូនដែរ។
បើតាមលោក ឌឹម សុវណ្ណារុំ សន្លឹកឆ្នោតដែលនឹងត្រូវបោះពុម្ភ ដើម្បីបម្រើដល់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ មានចំនួន ១០,៥២៥,៦៥០សន្លឹក ក្នុងនោះសន្លឹកឆ្នោត ៣២៩,២០០សន្លឹក ជាសន្លឹកឆ្នោតគំរូ ហើយក្រៅពីនោះក៏មានសន្លឹកឆ្នោតសម្រាប់ប្រើប្រាស់ ដើម្បីបណ្តុះបណ្តាលមន្រ្តី និងសន្លឹកឆ្នោតត្រៀមបម្រុងនៅតាមការិយាល័យបោះឆ្នោតនីមួយៗផងដែរ។
លោក ឌឹម សុវណ្ណារុំ បានបន្តទៀតថា ក្នុងសន្លឹកឆ្នោតមួយសន្លឹកចំណាយថវិកា ៩៩០រៀល ដូច្នេះសន្លឹកឆ្នោតជាង ១០លានសន្លឹកនេះ ត្រូវចំណាយថវិកាសរុប ១០,៤២០,៣៩៣,៥០០រៀល ស្មើនឹងជាង ២.៦លានដុល្លារអាមេរិក៕