(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយ ជុំវិញបញ្ហាប្រឈមពាក់ព័ន្ធពន្ធដារ ដែលវិស័យឯកជនកំពុងជួបប្រទះ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក គង់ វិបុល អគ្គនាយកពន្ធដារ និងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា។
កិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក៏មានការចូលរួមពីលោក លោកស្រី អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញមួយចំនួន នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក-លោកស្រី ដែលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសមាគមពាណិជ្ជករនានានៅកម្ពុជា។
ជាកិច្ចចាប់ផ្តើមលោក គង់ វិបុល បានបញ្ជាក់អំពីគោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីជជែកពិភាក្សាស្វែងរក ដំណោះស្រាយជុំវិញបញ្ហាប្រឈមនានា ពាក់ព័ន្ធពន្ធដារ ដែលវិស័យឯកជនកំពុងជួបប្រទះក្នុងកិច្ចការធុរកិច្ចរបស់ខ្លួន រួមទាំងធាតុចូល និងសំណូមពរមួយចំនួន ដែលបានលើកឡើងដោយវិស័យឯកជន តាមរយៈសភាពាណិជ្ជកម្មកម្ពុជា។
ជាមួយគ្នានេះ លោក អ៊ុ សីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងនូវបញ្ហាពន្ធដារនីមួយៗ ដើម្បីចូលរួមដោះស្រាយទាំងអស់គ្នា ដែលមានជាអាទិ៍ដូចជា នីតិវិធីនៃការចុះធ្វើសវកម្ម, ការប្រមូលពន្ធ «ថ្លៃតភ្ជាប់សេវាទឹកស្អាត សម្រាប់អាជីវកម្មផ្គត់ផ្គង់សេវាទឹកស្អាត», ការប្រមូលពន្ធ «សេវាថែរក្សានាឡិកាទឹក», ពន្ធលើ «ការផ្ទេរថ្លៃ-Transfer Pricing», កាតព្វកិច្ចប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំរបស់អាជីវកម្មខ្នាតតូច, ពន្ធប្រថាប់ត្រា, ការកំណត់តម្លៃលក់ផលិតផល, ការបង់កម្រៃសេវានានា, ការកំណត់តម្លៃទំនិញ និងការលក់របស់អគ្គិសនីកម្ពុជាជាដើម។
កិច្ចប្រជុំនេះបានធ្វើការពិភាក្សាគ្នាយ៉ាងផុសផុល រវាងអគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជា លើបញ្ហាដែលបានលើកឡើង និងប្រកបដោយផ្លែផ្កាបំផុត ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងបន្តសហការជាមួយសភាពាណិជ្ជកម្ពុជា ដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលកើតឡើងទាក់ទិន ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ ដើម្បីធានាឲ្យកាន់តែប្រសើរឡើងដល់បរិយាកាសអាជីវកម្ម និងការប្រកួតប្រជែងដោយស្មើភាព នៅក្នុងប្រទេសកម្ពុជា
យ៉ាងណាមិញ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ សភាពាណិជ្ជកម្មកម្ពុជា ដែលបានសហការគ្នា រៀបចំកិច្ចប្រជុំនេះ ឡើងប្រកបដោយផ្លែផ្កា៕