(រតនគិរី)​៖ លោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក យឹម ផែន អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ បាន​ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល៩៥នាក់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

ក្នុងនោះក៏មានការផ្តល់នូវគ្រឿងឥស្សរិយយស ប័ណ្ណសរសើរ លិខិតសរសើរ ក្នុងនោះមេដាយមាសចំនួន២៧គ្រឿង មេដាយប្រាក់ចំនួន៧គ្រឿង មេដាយសំរិទ្ធ១៦គ្រឿង។

ថ្លែងក្នុងឱកាសនោះ លោក យឹម ផែន និងលោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ដែលទើបទទួលបានមុខតំណែង ការតំឡើងឋានន្តរស័ក្តិ ត្រូវខិតខំបំពេញការងារ យកចិត្តទុកដាក់ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ហើយត្រូវពង្រឹងសមត្ថភាព ព្រោះការទទួលខុសត្រូវកាន់តែច្រើន។

ទន្ទឹមនោះដែរ ថ្នាក់ដឹកនាំទាំង២ ក៏បានណែនាំមន្ត្រីនគរបាលដែលពុំទាន់ការតំឡើងឋានន្តរស័ក្តិ ត្រូវខិតខំប្រឹងប្រែងបន្តការងារចាប់យកឱកាសពេលខាងមុខ ហើយលោកបានប្រាប់មន្ត្រីនគរបាល ដែលទើបតែទទួលបានការតែងតាំងថ្មី ភារកិច្ចថ្មីត្រូវបំពេញកិច្ចការងារ ទៅតាមភារកិច្ចរៀងៗខ្លួន មិនត្រូវយកអំណាចគាបសង្កត់ប្រជាពលរដ្ឋឡើយ៕​