(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាអាចនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០១៨នេះហើយ។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋពេញចិត្តលើសមិទ្ធផលបម្រើជាតិ និងប្រជាពលរដ្ឋរូបនេះ បានបញ្ជាក់ប្រាប់ Fresh News ថា ការសិក្សាគម្រោងត្រូវបានបិទបញ្ចប់ហើយ បច្ចុប្បន្នកំពុងចរចាទិញដីរបស់ប្រជាពលរដ្ឋ និងទូទាត់សំណងផលប៉ះពាល់ផ្សេងៗ។ លោកបានបញ្ជាក់ថា «ថវិកាមិនមានបញ្ហាអ្វីនោះទេ អ្វីដែលសំខាន់ គឺការចរចាទិញដី និងដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋ»។
ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជាដែលប្រជាពលរដ្ឋទន្ទឹងចង់ឃើញនេះ មានចម្ងាយប្រមាណជា ២០០គីឡូម៉ែត្រ ត្រូវបានវិនិយោគដោយក្រុមហ៊ុនរបស់ចិន ដោយគ្រោងចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក និងប្រើពេលសាងសង់ ៤ឆ្នាំ។
លោក ស៊ុន ចាន់ថុល បានចាត់ទុកការដែលអ្នកវិនិយោគចិនបណ្តាក់ទុនរហូតដល់ពីរពាន់លានដុល្លារសម្រាប់សាងសង់ផ្លូវនេះ ក៏ព្រោះតែគេជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំសម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម។ ជាពិសេសគេជឿជាក់ថា កំណើនសេដ្ឋកិច្ចនៅកម្ពុជានឹងនៅតែបន្តកើនឡើង។
«អ្នកវិនិយោគគេដាក់ទុនវិនិយោគ ២០០០លានដុល្លារ ដើម្បីសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ ដោយសារអ្នកវិនិយោគនោះគេមានទំនុកចិត្តលើរាជរដ្ឋាភិបាល។ ទុកចិត្តលើអនាគតប្រទេសជាតិ ទើបគេយកលុយពីរពាន់លានដាក់វិនិយោគនៅកម្ពុជានេះ។ គេជឿថា សេដ្ឋកិច្ចខ្មែរនឹងរីកចម្រើនថែមទៀត ឡានមានកាន់តែច្រើន ការដឹកទំនិញកាន់តែច្រើន ត្រូវប្រើផ្លូវល្បឿនលឿននេះឯង។ ដូច្នេះបានជាអ្នកវិនិយោគ មុនដាក់ទុនវិនិយោគរាប់ពាន់លានដុល្លារនេះ គេសិក្សាច្រើនឆ្នាំ ជឿជាក់លើរាជរដ្ឋាភិបាល ទើបគេហ៊ានដាក់លុយ។ បើគេមិនជឿជាក់លើរាជរដ្ឋាភិបាលយើងទេ គេមិនបណ្តាក់ទុន២ពាន់លានដុល្លារនេះទេ»។ លោករដ្ឋមន្ត្រីបញ្ជាក់។
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បម្រើក្នុងការដឹកជញ្ជូនទំនិញ។ ដោយមើលឃើញពីការដើរតួនាទីដ៏សំខាន់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់សាងសង់បណ្តាញផ្លូវ និងស្ពានយ៉ាងប្រទាក់ក្រឡាគ្នា។
លោក ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុទៅតំបន់ទៅតំបន់ដទៃទៀត។
លោករដ្ឋមន្ត្រីជឿថា ផ្លូវល្បឿនលឿនមួយខ្សែនេះ នឹងចំណែកកាន់តែខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជា៕