(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យកាត់បន្ថយសព្វាវុធ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងចុះហត្ថលេខាផ្តល់ជំនួយឥតសំណង ចំនួន១,៦០០,០០០ដុល្លារអាមេរិក ដើម្បីគាំទ្រដល់សកម្មភាពកំចាត់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស៊ីម៉ាក់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានឲ្យដឹងថា ជំនួយរបស់អាមេរិកនេះ សម្រាប់អនុវត្តគម្រោងស្រាវជ្រាវព័ត៌មាន និងកិច្ចប្រតិបត្តិការបោសសម្អាត សំណល់គ្រាប់បែកចង្កោម នៅតំបន់ខាងកើតប្រទេសកម្ពុជា ដែលត្រូវអនុវត្តសហការរួមគ្នា រវាងអង្គការជាដៃគូជំនួយនៃប្រជាជនន័រវេស្ស (NPA) និងអង្គភាពស៊ីម៉ាក់។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា គម្រោងនេះ បានផ្ដល់ថវិកាមកអង្គភាពស៊ីម៉ាក់ផ្ទាល់មានចំនួនសរុប ១,៦០០,០០០ដុល្លារអាមេរិក សម្រាប់រយៈពេល១២ខែ (មីនា ២០១៨-កុម្ភៈ ២០១៩)។ ជំនួយនេះគាំទ្រ កម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ចំនួន១៩១នាក់ ដែលត្រូវប្រតិបត្តិការនៅខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និងខេត្តស្ទឹងត្រែង។
គោលដៅសំខាន់ ដែលត្រូវសម្រេចឲ្យបាន ក្នុងរយៈពេលនៃការអនុវត្ដគម្រោងគឺ៖
១៖ ពង្រាយកម្លាំងស្រាវជ្រាវព័ត៌មាន តំបន់សង្ស័យសំណល់គ្រាប់បែកចង្កោម លើផ្ទៃដីចំនួន ៣,០០០ហិកតា នៃ៧៦៨ភូមិ។
២៖ ពង្រាយកម្លាំងបោសសម្អាតតំបន់រងផលប៉ះពាល់ ដោយសំណល់គ្រាប់បែកចង្កោមចំនួន២,២០០ហិកតា។
៣៖ រៀបចំផែនការយុទ្ធសាស្ដ្រ ដើម្បីរំដោះតំបន់សំណល់គ្រាប់បែកចង្កោមទាំងអស់ ពីតំបន់ទិសខាងកើតប្រទេស ក្នុងន័យគាំទ្រដល់ផែនការជាតិសកម្មភាពមីន ២០១៨-២០២៥៕