(កំពត)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជឹង ផល្លា អភិបាលរងខេត្ត នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត។
ពិធីនេះក៏មានការចូលរួមពីប្រធានសាលាដំបូងខេត្ត, លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត, លោកអនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ទទួលវរៈ២៤១ និងវរៈ៤៣០, លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកមេបញ្ជាការរង កងមូលដ្ឋានសមុទ្រខេត្ត លោកបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក-លោកស្រីស្នងការរង អស់លោកអនុប្រធានការិយាល័យកណ្តាល លោកនាយ-នាយរងការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុងទាំង៨ និងលោកមេបញ្ជាការវរៈសេនាតូច ៦០១។
លទ្ធផលក្នុងពិធីនេះ រួមមាន៖ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ចំនួន២៧រូប, តម្លើងឋានន្តរសក្តិចំនួន៨៣រូប ក្នុងនោះមាន ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន០៣រូប, ថ្នាក់វរសេនីយ៍ឯក ចំនួន០៩រូប, ថ្នាក់វរសេនីយ៍ទោ ចំនួន២៧រូប, ថ្នាក់វរសេនីយ៍ត្រី ចំនួន៤០រូប និងថ្នាក់អនុសេនីយ៍ឯក ចំនួន០៤រូប។
ក្រៅពីនេះក៏មានការបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរផងដែរ រួមមាន មេដាយចំនួន៧២រូប ក្នុងនោះមេដាយមាសចំនួន១៨រូប, មេដាយប្រាក់ ចំនួន១៨រូប, មេដាយសំរិទ្ធ ចំនួន១៨រូប និងជូនប័ណ្ណសរសើរ ចំនួន១៨រូប៕