(កំពង់ចាម)៖ នាព្រឹកថ្ងៃអង្គារ៍១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុបចំនួន ៥០១គ្រួសារ (៥០១ខ្នងផ្ទះ) មកពី១១ភូមិ ២ឃុំ នៃស្រុកបាធាយ ខេត្តកំពង់ចាម ដែលហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ ។
ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការ ក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ សូមមានការប្រុងប្រយ័ត្ននូវរដូវភ្លៀងធ្លាក់ នៅពេលមានភ្លៀងធ្លាក់ខ្លាំងកុំដើរទីវាល ចុះទឹកទីខ្ពស់ អាចទទួលរងគ្រោះដោយរន្ទះបាញ់ និងត្រូវត្រៀមបង្ការខ្យល់កន្ត្រាក់ដែលអាចកើតឡើងជាយថាហេតុ សូមពិនិត្យដំបូល ជញ្ជាំង សសរ ទ្វារ និងបង្អូចផ្ទះ បើមិនសូវរឹងមាំទេត្រូវជួសជុលឡើងវិញ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋសូមកុំអស់សង្ឃឹម ហើយខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាប៉ុណ្ណោះ។
គ្រួសាររងគ្រោះទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។
គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ ភួយ១ និងថវិកាមួយចំនួន។
បន្ទាប់ពីចែកអំណោយរួចមក លោកស្រីអគ្គលេខាធិការ បានចុះសួរសុខទុក្ខអ្នករងគ្រោះដោយខ្យល់កន្ត្រាក់ធ្ងន់ធ្ងរដល់ខ្នងផ្ទះចំនួន ៣គ្រួសារ និងអ្នករងគ្រោះដោយខ្យល់កន្ត្រាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២នាក់ ព្រមទាំងចុះសួរសុខទុក្ខអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលកើតជំងឺមហារីកផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ធ្ងន់ធ្ងរសរុបមានចំនួន ៣១គ្រួសារ ក្នុងចំណោម ៥០១គ្រសារ។ ក្នុងគ្រួសារនីមួយៗដែលរងគ្រោះធ្ងន់ធ្ងរទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ ភួយ១ តង់១ និងថវិកាមួយចំនួន ៕