(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងចរចាខ្ចីថវិកាពីធានាគារពិភពលោកប្រមាណ ១១០លានដុល្លារ ដើម្បីស្តារផ្លូវជាតិលេខ៤ឲ្យកាន់តែល្អប្រសើរបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូន។
បើតាមលោក ស៊ុន ចាន់ថុល បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោកបានបញ្ចប់ការចរចាឥណទានកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ហើយនឹងដាក់ជូនក្រុមប្រឹក្សានាយកធនាគារពិភពលោកសម្រេចក្នុងខែមិថុនា ឆ្នាំ២០១៨នេះ។ លោករដ្ឋមន្ត្រី ក៏បានអះអាងផងដែរថា ការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ អាចនឹងចាប់ផ្តើមការដ្ឋានសាងសង់នៅដើមឆ្នាំ២០១៩។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា តាមរយៈប្រាក់កម្ចី ១១០លានដុល្លារនេះ ផ្លូវជាតិលេខ៤នឹងត្រូវលើកកម្រិតគុណភាពឲ្យកាន់តែល្អប្រសើរ ដោយក្រាលកៅស៊ូ AC, ស្ថាបនាចិញ្ចើមកៅស៊ូ AC និងបន្ថែមនូវប្រព័ន្ធប្រឡាយដែលចាំបាច់ ដើម្បីធានាផ្លូវជាតិលេខ៤នេះអាចធ្វើដំណើរបានគ្រប់រដូវ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤ ដែលភ្ជាប់ពីរាជធានីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ ប្រវែងជាង ២០០គីឡូម៉ែត្រ និងភ្ជាប់ទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុផងនោះ ជាដងវិថីដើរតួនាទីដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដូច្នេះការធ្វើឲ្យកាន់តែប្រសើរផ្លូវជាតិមួយនេះ នឹងរួមចំណែកជំរុញសេដ្ឋកិច្ចជាតិផងដែរ៕