(ភ្នំពេញ)៖ ខុនដូលក្ខណៈពាណិជ្ជកម្ម មានកម្ពស់៣៧ជាន់ មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ដែលជាការវិនិយោគ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក្នុងទំហំទឹកប្រាក់១៨០លានដុល្លារ ស្ថិតនៅក្បែរស្ពានក្បាសថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានសម្ពោធជាផ្លូវការ និងប្រគល់សោផ្ទះជូនដល់អតិថិជន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ។
ពិធីសម្ពោធខុនដូមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ខាងលើនេះ មានការអញ្ជើញចូលរួមពី លោក ឈីវ គួរ ស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប, លោក Li Min អគ្គនាយកក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា)គ្រុប។
ក្នុងព្រឹត្តការណ៍ដ៏អស្ចារ្យនេះ ក៏មានការចូលរួមពី តំណាងក្រុមហ៊ុនសាងសង់ឆាតណា ខនស្ត្រាក់សិន ហ្វ័ត អេនជីនារីង តំណាងដៃគូសហការ និងម្ចាស់ខុនដូ តំណាងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ បានចូលរួមជាសក្ខីភាព ក្នុងពិធីសម្ពោធ ខុនដូមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សានេះ។
ថ្លែងនៅក្នុងពិធីនោះ លោក Li Min អគ្គនាយកនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងថា អតិថិជននឹងពេញចិត្ត ចំពោះគម្រោងខុនដូទី១របស់ខ្លួន ដែលភ្ជាប់មកជាមួយ នូវការរស់នៅបែបស៊ីវីស័យ ផ្សារទំនើប កន្លែងហាត់ប្រាណ អាងហែលទឹក ដែលជាប្រភេទអាគារពាណិជ្ជកម្មមួយនេះ។
លោក Li Min បានគូសបញ្ជាក់ផងដែរ មូលហេតុដែលជ្រើសរើសការវិនិយោគនៅកម្ពុជា គឺផ្អែកទៅលើប្រវិត្តិសាស្រ្តនៃកម្ពុជា និងចិន មានទំនាក់ទំនងល្អ និងជាខួប៦០ឆ្នាំនៃប្រទេសទាំងពីរ។
ខុនដូកម្ពស់៣៧ជាន់ ស្ថិតនៅក្បែរស្ពានក្បាសថ្នល់ ខណ្ឌចំការមនមួយនេះ ត្រូវបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៥ ខណៈដែលគម្រោងផ្សេងៗ រួមមានខុនដូ និងអាគារពាណិជ្ជកម្មផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត ដែលមានសក្តានុពល គឺខេត្តព្រះសីហនុ និងខេត្តសៀមរាប កំពុងសាងសង់ និងសិក្សា។
មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា គឺជាគម្រោងអភិវឌ្ឍន៍ទីមួយ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលជាគម្រោងប្រកបដោយគុណភាព និងបរិស្ថានបៃតង ដ៏ស្រស់ស្អាតបំផុតអគារនេះ នឹងក្លាយជាសហគម រស់នៅមួយប្រកបដោយសន្តិសុខខ្ពស់ ផាសុកភាព និងសុខដុមរមនា សម្រាប់អតិថិជនគ្រប់រូប។
ដោយទ្បែកសម្រាប់គម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សាវិញ ដែលជាគម្រោងអភិវឌ្ឍន៍ទី២ របស់ក្រុមហ៊ុន នឹងលេចចេញ ជារូបភាពនៅកំទ្បុងខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ហើយនឹងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
រីឯគម្រោងអភិវឌ្ឍន៍ទី៣ អគារព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សាក៍ នឹងចាប់ផ្តើមសាងសង់ នៅចុងខែមិថុនា ឆ្នាំ២០១៨នេះផងដែរ។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបង្កើតនូវផលិតផងល្អៗ និងប្រណិត មានគុណភាពខ្ពស់ជូនដល់អតិថិជន ក្នុងការកសាងជីវិតរស់នៅឲ្យកាន់តែប្រសើរទ្បើង៕