(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ឧសភា២០១៨នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពង្រឹងលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅលើផ្លូវធំៗទាំង១១ខ្សែ ពិសេសផ្តោតសំខាន់ លើកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតិភាព លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលរងរាជធានី លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រធានសាលាដំបូងរាជធានី អភិបាលខណ្ឌទាំង១២ ព្រមទាំងមន្ទីរចំណុះ ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ទាំងអស់ផងដែរ។
លោក ឃូង ស្រេង បានលើកឡើងថា ការបើកកិច្ចប្រជុំនេះឡើង គឺដើម្បីពង្រឹងបន្ថែមទៅលើបញ្ហា កិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរឡើង និងការផ្ទៀងផ្ទាត់ឡើងវិញ ជុំវិញលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅលើផ្លូវធំៗទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញជាផែនការ ជាអាទិភាពនាពេលកន្លងមកនេះ។
ក្នុងអង្គប្រជុំនោះ លោកជួន សុវណ្ណ ក៏បានរាយការណ៍ពីផែនការ ក្នុងកិច្ចការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅក្នុងរាជធានីភ្នំពេញ។បន្ថែមលើនេះ លោកអភិបាលខណ្ឌទាំង១២ បានលើកឡើងពីសភាពការណ៍ ចោរ លួច ឆក់ ប្លន់ ល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លូននីមួយៗផងដែរ ដើម្បីរិះរកគ្រប់មធ្យោបាយធ្វើយ៉ាងណាឲ្យ ភូមិ សង្កាត់មានសុវត្ថិភាព បង្កើតបានភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង។ ក្នុងនោះសម្រាប់អាណត្តិទី៦ មានរហូតដល់១២៥៕