(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី៣០ ខែឧសភានេះ ដោយថ្កោលទោសយ៉ាងដាច់អាហង្ការ និងអំពាវនាវឲ្យសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ និងចាត់វិធានការតឹងរឹងចំពោះស្រ្តី ប្រើហិង្សាលើក្មេងស្រី អាយុ១៦ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារចាត់ទុកថា ទង្វើរបស់ស្រ្តីឈ្មោះ ម៉េង រ័ត្នពិសី ដែលបានប្រើអំហិង្សា យ៉ាងអមនុស្សធម៌ ទៅលើកុមារី ឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ នេះជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិរស់រាន មានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានការអភិវឌ្ឍ និងសិទ្ធិចូលរួមរបស់កុមារ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមអំពាវនាវ ដល់អាជ្ញាធរ សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ មេត្តាយកចិត្តទុកដាក់ និងចាត់វិធានការច្បាប់យ៉ាងតឹងរឹង ចំពោះស្រ្តីប្រព្រឹត្តអំពើអមនុស្សធម៌ខាងលើ ដើម្បីកុំឲ្យទង្វើ បែបនេះ កើតមានជាថ្មី នៅក្នុងសង្គមជាតិ។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមស្នើឲ្យក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ជួយសហការផ្តល់នូវកន្លែងសុវត្ថិភាព ការថែទាំសុខភាព ស្តានីតិសម្បទា និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់កុមារីរងគ្រោះ និងជួយដល់ក្រុមគ្រួសារ ធ្វើយ៉ាងណាឲ្យមកុមារី រស់នៅជួបជុំគ្រួសារវិញ។
គួរបញ្ជាក់ថា ប្រតិបត្តិការចុះទៅអន្តរាគមន៍រំដោះក្មេងស្រីរងគ្រោះ បានធ្វើឡើង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង លេខ១៧អា ខាងត្បូងជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែន រាធានីភ្នំពេញ។
ថៅកែចិត្តកំណាចរូបនេះមានឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់នៅផ្ទះកើតហេតុ។ បើតាមអ្នកក្បែរខាងថា ជាជនជាតិវៀតណាម កាត់ចិន មានប្តីឈ្មោះ សុខ ទី អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ មានកូនស្រីម្នាក់ក្នុងបន្ទុក។
ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើរយៈពេល៤ឆ្នាំហើយ ជាអ្នកធ្វើការងារផ្ទះ មានស្រុកកំណើតភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្មេងស្រីរងគ្រោះ មានបងប្អូន៩នាក់ ប្រុស៤នាក់ ស្រី៥នាក់ នាងជាកូនទី៨ មានឪពុក ឈ្មោះ ជា សួ អាយុ៦៨ឆ្នាំ ឈឺនៅកន្ទេល មានម្តាយឈ្មោះ ឡេ ឡាយ អាយុ៦៥ឆ្នាំ មុខរបរលក់បន្លែ។
តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ ទាំងទឹកភ្នែក ក្នុងអារម្មណ៍ភ័រញ័រ ប្រាប់នៅចំពោះមុខសមត្ថកិច្ចថា គាត់ត្រូវបានស្រ្តីខាងលើ យកមកឲ្យធ្វើការងារ តាំងពីអាយុ១២ឆ្នាំមកម្ល៉េះ ធ្វើជាកូនឈ្នួលបម្រើ ផ្ទះខាងលើរហូតមកដល់ពេលនេះ អស់រយៈពេល៤ឆ្នាំហើយ។ ស្រ្តីម្ចាស់ផ្ទះ បង្ខំឲ្យធ្វើការងារតាំងពីព្រឹកទល់យប់ បើធ្វើមិនទាន់ប្រដាប់ដោយដែក វាយពេញរាងកាយក្បាល ជូនយកម្ជុលដេប៉ាក់ មកចាក់លើរាងកាយក្នុង១ថ្ងៃ ឲ្យហូបបាយ២ពេល ពេលព្រឹក និងពេលល្ងាច ថ្ងៃត្រង់បន្តឲ្យធ្វើការងារ។
ក្មេងស្រីរងគ្រោះ បានបន្តទៀតថា មកស្នាក់នៅធ្វើការដំបូង បានប្រាក់ឈ្នួល៦០ដុល្លាក្នុង១ខែ ទើបតែ១ឆ្នាំមកនេះ បាន១០០ដុល្លាក្នុង១ខែ ហើយខែថ្មីៗនេះ ម្តាយនាងមានការខ្វះខាត ថវិកា ទិញថ្នាំព្យាបាលឪពុក បានសុំខ្ចីលុយ១០០ដុល្លារមុន។ ហើយអ្វីជាងនេះទៅទៀត ម្ចាស់ផ្ទះដាក់បំរាមមិនឲ្យនិយាយរឿង ធ្វើទារុណកម្ម រាងកាយ ប្រាប់អ្នកជិតខាង ឬប្រាប់ដំណឹងដល់ក្រុមគ្រួសារនៅឯស្រុកឡើយ មិនអនុញ្ញាតឲ្យជួបនិយាយជាមួយម្តាយតាមទូរស័ព្ទទៀតផង។
ករណីខាងលើក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ត្រូវបានស្រ្តីខាងលើឡូឡា រករឿងទាំងអ្នកជិតខាង គំរាមវាយស្រ្តីម្នាក់នៅក្បែរនោះ ដែលជួយឈឺឆ្អាលរឿងខាងលើ។
ក្រោយពីមានការបំភ្លឺពីក្មេងរងគ្រោះ សមត្ថកិច្ចហៅនាំខ្លួនស្រ្តីសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ និងផ្អែកលើភស្តុតាង ស្លាកស្នាម ជាំ របួស ពេញខ្លួន ក្បាល ដៃ ជើង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី៕