(ភ្នំពេញ)៖ កុមារ៉ាកម្ពុជា ២រូបរួមមាន សុខហេង សេងគា និងកុមារ សុខ មករា ត្រូវបានជ្រើសរើសជាឯកអគ្គរាជទូតអាយុ ១២ឆ្នាំប្រចាំកម្ពុជា ដើម្បីធ្វើដំណើរទៅប្រទេសរុស្ស៊ីនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ចូលរួមកម្មវិធីបណ្តុះបណ្តាលបាល់ទាត់យុវជន លើកទី៦ (6th Gazprom Football for Friendship International)។ ដោយមានក្មេងៗមកពីជាង ២១០ប្រទេសនៅជុំវិញពិភពលោក ធ្វើឡើងក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។
កីឡាករ សុខហេង សេងគា ដែលត្រូវបានជ្រើសរើសជាខ្សែបម្រើ នឹងក្លាយជាផ្នែកមួយនៃក្រុមមិត្តភាពអន្តរជាតិចំនួន ៣២ក្រុម ដែលលេងជាមួយគ្នានៅក្នុងក្របខ័ណ្ឌ Gazprom សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ។ កីឡាករបាល់ទាត់វ័យក្មេងនេះ នឹងក្លាយជាផ្នែកមួយនៃក្រុម «Angel Shark» ជាមួយនឹងការបោះជំរុំហ្វឹកហាត់រយៈពេល៣ថ្ងៃនៅក្នុងទីក្រុងម៉ូស្គូ។
ជំរំហ្វឹកហាត់នេះត្រូវបានរៀបចំឡើងសម្រាប់ឯកអគ្គរដ្ឋទូតវ័យក្មេង ដើម្បីទទួលបានការអនុគ្រោះដល់លក្ខខណ្ឌនៃការលេង និងទទួលបានការអនុវត្តល្អជាមួយក្រុមរបស់ពួកគេ មុនពេលចាប់ផ្តើមការប្រកួតជើងឯក។ ក្រុមនីមួយៗនឹងត្រូវបានហ្វឹកហាត់ពីគ្រូបង្វឹក U14 និង U16 មកពីបណ្តាប្រទេសផ្សេងៗគ្នា ដោយក្នុងនោះក៏មានសិក្ខាសាលា និងវគ្គចែករំលែកបច្ចេកទេសលេងបាល់ទាត់ពីតារាល្បីៗផងដែរ។
នៅកម្មវិធី F4F នៅប្រទេសរុស្ស៊ី សេងគា នឹងត្រូវបានអមដំណើរដោយកុមារ៉ា សុខ មករា ដែលនឹងដើរតួជាអ្នកសារព័ត៌មានវ័យក្មេង និងគ្របដណ្តប់គ្រប់សកម្មភាពក្នុងតំបន់ និងពិភពលោកនៃកម្មវិធីនេះដែលជាផ្នែកមួយនៃមជ្ឈមណ្ឌលព័ត៌មានអន្តរជាតិរបស់កុមារ។ មជ្ឈមណ្ឌលសារព័ត៌មានដើរតួជាមជ្ឈមណ្ឌលសម្រាប់អ្នកសារព័ត៌មានវ័យក្មេងដែលប្រមូលព័ត៌មានបង្កើតរបាយការណ៍សរសេរអត្ថបទព័ត៌មាន និងរៀបចំសម្ភារៈនានាលើគំនិតផ្តួចផ្តើមដែលបានអនុវត្តជាផ្នែកមួយនៃកម្មវិធី។
កម្មវិធី Football for Friendship ក៏បានទទួលការគាំទ្រ និងទទួលស្គាល់ពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA និងគណៈកម្មាធិការអូឡាំពិកអន្តរ IOC ក្នុងការទំនុកបម្រុង ក៏ដូចជាបង្កើតមូលនិធិសម្រាប់កុមារ ដើម្បីសម្រេចបំណងពួកគេក្នុងវិវត្តន៍ទៅជាកីឡាករបាល់ទាត់អាជីពទៅថ្ងៃអនាគត៕