(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា ការចូលរួមប្រកួតប្រជែង ដ៏សកម្មរបស់គណបក្សនយោបាយចំនួន២០ ក្នុងការបោះឆ្នោតជាតិនៅចុងខែកក្កដាខាងមុខនេះ បង្ហាញថា កម្ពុជានៅតែស្ថិតនៅលើមាគ៌ា ប្រជាធិបតេយ្យ សេរី ពហុបក្ស។
ការអះអាងយ៉ាងដូច្នេះ របស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើឡើងក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយ លោក William Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធឡើង នៅក្នុងជំនួបជម្រាបលាក្រោយបញ្ចប់អាណត្តិការទូត នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលទើបចេញផ្សាយនៅរសៀលថ្ងៃទី៣០ ខែឧសភានេះ។
ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា តាមការប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានគណបក្សចំនួន២០ បានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតនាខែកក្កដា ខាងមុខនេះ។ ក្នុងនោះក៏មានគណបក្សមួយចំនួន ដែលមានជំហរប្រឆាំង បានធ្វើសកម្មភាពយ៉ាងសកម្ម និងបានបង្ហាញភាពខ្លាំងគួរឲ្យចាប់អារម្មណ៍ ដែលប្រការនេះ បានបញ្ជាក់ថា កម្ពុជានៅតែស្ថិតលើមាគ៌ា ប្រជាធិបតេយ្យ សេរី ពហុបក្ស។
លោកទេសរដ្ឋមន្រ្តីក៏បានជំរាបលោកឯកអគ្គរាជទូត អំពីការខិតខំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជារបស់អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ក្នុងការត្រៀមរៀបចំការ បោះឆ្នោត ខែកក្កដាខាងមុខនេះ ដើម្បីធានាឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហឹង្សា និងមានតម្លាភាព។
លោកឯកអគ្គរាជទូតចក្រភពអង់គ្លេស បានអះអាងថា ចក្រភពអង់គ្លេសកំពុងតាមដាន ដោយយកចិត្តទុកដាក់ ចំពោះការបោះឆ្នោតនៅកម្ពុជា ហើយបានបង្ហាញក្តីសង្ឃឹមថា ក្រោយការបោះឆ្នោត អ្វីៗនឹងមានការប្រែប្រួលល្អ៕