(ភ្នំពេញ)៖ ការផ្តល់ការអនុគ្រោះពន្ធ លើការបង់ពន្ធប្រថាប់ត្រាតែ១ដង ចំពោះការផ្ទេរកម្មសិទ្ធិអចនទ្រព្យច្រើនដង ដែលបានចុះបញ្ជីរួចនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមការបង្ហាញ ក្នុងពិធីផ្សាព្វផ្សាយបន្ត ផ្តល់អនុគ្រោះបង់ពន្ធប្រថាប់ត្រាតែ១ដង ចំពោះការផ្ទេរកម្មសិទ្ធិអចនទ្រព្យ ដែលបានចុះបញ្ជីរួច ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ។
ពិធីនេះធ្វើឡើងក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពី អភិបាលខណ្ឌទាំង១២ ប្រធានពន្ឋដារទាំង១២ខណ្ឌ ប្រធានភូមិបាលទាំង១២ខណ្ឌ ចៅសង្កាត់ ស្មៀន ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោក ឃួង ស្រេង បានលើកឡើងថា ដោយពិនិត្យឃើញពីការលំបាករបស់ប្រជាពលរដ្ឋ និងដើម្បីជួយសម្រួលដល់ម្ចាស់កម្មសិទ្ធ អចលនទ្រព្យចុងក្រោយ ដែលពុំមានលទ្ធភាពបង់ពន្ធប្រថាប់ត្រាច្រើនដង គ្រប់ដំណាក់កាលនៃការផ្ទេរអចលនទ្រព្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឯកភាពជាគោលការណ៍ ដើម្បីបន្តផ្តល់ការអនុគ្រោះបង់ពន្ធប្រថាប់ត្រាតែមួយដង លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ បន្តដៃគ្នាពីម្នាក់ទៅម្នាក់ច្រើនដង នៅត្រឹមថ្នាក់សង្កាត់ខណ្ឌ។
លោកអភិបាលរាជធានីគូសបញ្ជាក់ថា ចំពោះសុពលភាព នៃការអនុវត្តគឺត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះ ដូច្នេះហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការ ផ្សាព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។ លោកបានជំរុញអាជ្ញាធរខណ្ឌ សង្កាត់ បើកការប្រជុំតាមភូមិ ហើយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើលិខិតជំនួយស្មារតីទៅភូមិ ដើម្បីផ្សព្វផ្សាយទៅប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក កែន សម្បត្តិ បានបន្ថែមថា អគ្គនាយកដ្ឋានពន្ធដារ ជាសេនាធិការឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធ ដើម្បីផលប្រយោជន៍ថ្នាក់ក្រោមជាតិ ដូច្នេះថ្នាក់ក្រោមជាតិត្រូវប្រឹងប្រែង ដើម្បីបានលុយមកអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ហើយការប្រមូលពន្ធ ត្រូវបង្កភាពងាយស្រួលឲ្យពួកគាត់ នៅពេលពួកគាត់មកបង់ពន្ធត្រូវអស់សក្តានុពល និងជម្រុញដាក់សេចក្តីប្រកាស់ទៅដល់អ្នកជាប់ពន្ធ។
លោកបន្តទៀតថា អគ្គនាយកដ្ឋានពន្ធដារបានធ្វើឲ្យមានភាពងាយស្រួល សម្រាប់អ្នកបង់ពន្ធរួចហើយដែរ ដូចជាការបង់ពន្ធតាមធនាគារជាដើម ហើយការងារនេះសម្រេចបានជោគជ័យ៦ឆ្នាំជាប់គ្នា ជាមួយនឹងការប្រមូលពន្ធបានកើនឡើងរហូត ដែលទាំងនេះបានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋភ្ញាក់រលឹក ហើយនៅភ្នំពេញចំណូលពន្ធប្រមូលបានច្រើនជាងគេ ពោលគឺមានរហូតទៅដល់៩៣ទៅ៩៤ភាគរយឯណោះ៕