(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសមជាមួយ លោក បញ្ញយ៉ារ៉ាក់ ពុលថាប់ ឯកអគ្គរាជទូតថ្មីរបស់ថៃប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំងហុង បានសំណូមពរទៅភាគីថៃ ឲ្យនាំចូលទំនិញពីកម្ពុជា ឲ្យបានកាន់តែច្រើន ដើម្បីតុល្យភាពពាណិជ្ជកម្ម។
ក្នុងជំនួបនៅវិមានសន្តិភាពព្រឹកមិញនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំងហុង ក៏បានសំណូមពរទៅរាជរដ្ឋាភិបាលថៃ តាមរយៈឯកអគ្គរាជទូតថ្មីនេះ មកវិនិយោគបន្ថែមទៀត លើវិស័យសំខាន់ៗផ្សេងទៀត ដូចជា វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ។
ការសំណូមពរនេះ ត្រូវបានបញ្ជាក់ដោយលោក សុខ សុរ័ត្នវឌ្ឍនៈ ជំនួយការផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំងហុង តាមរយៈកិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយពេលជំនួបសម្តែងការគួរសម រវាងតំណាងរាជរដ្ឋាភិបាលទាំងពីរ ត្រូវបានបញ្ចប់។
លោក សុខ សុរ័ត្នវឌ្ឍនៈ បានឲ្យដឹងទៀតថា ឯកអគ្គរាជទូតថៃ បានកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័ស ចំពោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងការថែរក្សាសន្តិភាពរបស់សម្តេចផងដែរ។
ជំនួយការរូបនេះ បានឲ្យដឹងបន្ថែមទៀតថា ឯកអគ្គរាជទូតថ្មីថៃ ក៏បានកោតសរសើរ អំពីគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តោតសំខាន់ទៅលើនយោបាយ និងសន្តិភាពសម្រាប់ប្រទេសកម្ពុជា។ជាចុងក្រោយ លោក បញ្ញាយ៉ារ៉ាក់ ពុលថាប់ បានសន្យាថា នឹងជំរុឲ្យទំនាក់ទំនងរវាងប្រទេសទាំងពី កាន់តែមានភាពរឹងមាំ និងភាពជិតស្និទ្ធជាបន្តទៀត៕