(សៀមរាប)៖ លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប និងលោកស្រី នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិពូកថ្មី ឃុំពួក ស្រុកពួក។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានលើកឡើងថា ការសម្ពោធអគារទីស្នាក់ការអនុសាខាកាកបាទក្រហមនេះ គឺដើម្បីចូលរួមអបសាទរ ព្រះរាជពិធីចម្រើន ព្រះជន្មវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។
ប្រធានគណៈកម្មាធិការសាខា បានឲ្យដឹងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ដ៏ថ្មីស្រឡាង គឺជាសមិទ្ធិផលទី៦ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលត្រូវបានដំណើរការសាងសង់តាំងពីខែកញ្ញា ឆ្នាំ២០១៨ និងរួចរាល់ជាស្ថាពរនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៧។
អាគារនេះ មានក្រឡាផ្ទៃសរុប ១៣៦ម៉ែត្រការ៉េ និងត្រូវបានសាងសង់លើផ្ទៃដីទំហំ ៦៩០ម៉ែត្រការ៉េ ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របបាវចនា «ធ្វើឲ្យកាន់តែច្រើនជាងមុន ធ្វើឲ្យកាន់តែល្អជាងមុន ធ្វើឲ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យកាន់តែឆ្ងាយជាងមុន»។ ម្យ៉ាងវិញទៀត ដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះបានកំណត់ទស្សនៈវិស័យ៖ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ។
លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា សាខាកាកបាទក្រហម បានយកចិត្តទុកដាក់បំពេញបេសកម្មមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤៖ ការគ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស។
ជាមួយគ្នានេះដែរ សប្បុរសជនដែលអញ្ជើញចូលរួមក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួកនេះ បានចូលរួមថវិកា សរុបប្រមាណ ៥,២៤៨ដុល្លាអាមេរិក និង៤,៨១០,០០០រៀល ប្រគល់ជូនអនុសាខាស្រុកពួក ដើម្បីចាត់ចែង និងទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួន៕
លោក ឃឹម ប៊ុនសុង ក៏បានឧបត្ថម្ភសមាជិក សជិកា នៃអង្គពិធីតាជី យាយជី២០នាក់ ម្នាក់ៗទទួលបាន សំពត់ស១ដុំ និងថវិកា ២ម៉ឺនរៀល, ប្រជាពរដ្ឋ៣០០នាក់ និងអ្នកស្ម័គ្រចិត្ត៥០នាក់ ម្នាក់ៗទទួលបាន សារុង១ ថវិកា១ម៉ឺនរៀល, យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធកម្ពុជា និងសិស្សានុសិស្សា១០០នាក់ ម្នាក់ៗទទួលបាន សៀវភៅ២ក្បាល ប៊ិក២ដើម និងថវិកា១ម៉ឺនរៀលផងដែរ៕