(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ វ៉ាន់ សុខសីហា ហៅគ្រូហោរាអគ្គីនេត្រ ភេទប្រុស ដាក់ពន្ធនាគារកំណត់រយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀលចូលជាថវិការដ្ឋ។
ជនជាប់ចោទរូបនេះ បានជាប់ចោទពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) មានទម្ងន់ ២.៦៨ក្រាម ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ យោងតាមមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
គួរបញ្ជាក់ថា ក្នុងកំឡុងពេលសវនាការ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ជនជាប់ចោទ ហោរាអគ្គីនេត្រ បានសារភាពថា សកម្មភាពរបស់ខ្លួនកន្លងមកជា អំពើបោកប្រាស់ ដោយសារតែខ្វះលុយចាយ និងបង់ថ្លៃផ្ទះជួល។
លោកបន្តថា ក្រៅពីមុខរបរហោរាបែកធ្លាយថា បោកប្រាស់ខ្លួន បានសម្រេចបន្ថែមមុខរបរថ្មីមួយទៀត គឺជួញដូរគ្រឿងញៀន ប៉ុន្តែទីបំផុតក៏ត្រូវជាប់គុកដោយសារមុខរបរថ្មីនេះ។
គួររំលឹកថា ជនជាប់ចោទ ឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យ ក.៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ២៧១ ខាងក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធរឿង ជួញដូរគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម៕